ព័ត៌មានជាតិ

ការផ្ដល់ឱកាសការងារ រាប់ម៉ឺនកន្លែង គឺជាតឹកតាង នៃការលើកកម្ពស់សិទ្ធិការងារ ស្របតាមស្មារតី ទិវាពលកម្មអន្តរជាតិ ១ឧសភា

ភ្នំពេញ៖ សហជីពនៅកម្ពុជា និងអ្នកវិភាគស្ថានការណ៍ នយោបាយបានលើកឡើងថា ការផ្ដល់ឱកាសការងារ រាប់ម៉ឺនកន្លែងតាម រយៈកំណើនវិនិយោគ គឺជាតឹកតាងនៃការលើកកម្ពស់សិទ្ធិការងារ ដែលឆ្លុះបញ្ចាំងពីកត្តាវិជ្ជមាន ផ្នែកសេដ្ឋកិច្ច និងស្ថិរភាពនយោបាយ របស់កម្ពុជា ស្របតាមស្មារតី ទិវាពលកម្មអន្តរជាតិ ១ឧសភា។

លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធ សហជីពជាតិកម្ពុជា (NACC)បានលើកឡើងថា «ក្រុមហ៊ុន រោងចក្រ សហគ្រាសដែលពាក់ព័ន្ធ នឹងវិស័យវាយនភណ្ឌកាត់ដេរ តែងតែប្រកាសជ្រើសរើសបុគ្គលិក កម្មករនិយោជិត រាប់ម៉ឺននាក់ក្នុងមួយថ្ងៃៗ ហើយនៅមានក្រុមហ៊ុនថ្មីៗ ជាច្រើនទៀត កំពុងបើកដំណើរការជាបន្តបន្ទាប់។ ដូច្នេះឱកាសការងាររាប់ម៉ឺនកន្លែង បានផ្ដល់ជូនពលរដ្ឋខ្មែរជាហូរហែ»។

លោកបន្តថា «កំណើនវិនិយោគបានធ្វើឱ្យមានតម្រូវការទីផ្សារ ការងារកើនឡើងដែរ គឺជាសញ្ញាល្អនៃកំណើនសេដ្ឋកិច្ច និងការបង្កើតឱកាសការងារថ្មីៗ នៅក្នុងប្រទេស ឆ្លុះបញ្ចាំងពីកត្តាវិជ្ជមានផ្នែកសេដ្ឋកិច្ច និងស្ថិរភាពនយោបាយក្រោម ការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្នុងការលើកកម្ពស់សិទ្ធិការងារស្របទៅតាមស្មារតីទិវាពលកម្មអន្តរជាតិ ១ឧសភា»។

លោក ចាន់ សំណាង បានចាត់ទុកកំណើនវិនិយោគ គឺជាការផ្ដល់ឱកាសការងាររាប់ម៉ឺនកន្លែងជូនកម្មករនិយោជិត និងពលរដ្ឋខ្មែរ ហើយវាជាភ័ស្ដុតាងដ៏សំខាន់ក្នុងការលើកកម្ពស់សិទ្ធិការងារដែលរាជរដ្ឋាភិបាលតាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសហជីពនៅកម្ពុជាបានប្រារព្ធរំឭកជារៀងរាល់ឆ្នាំ។

បើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រ បានកើនឡើងដល់ចំនួន ៤៧ ០២៩សហគ្រាស ជាមួយនិងចំនួន កម្មករនិយោជិតសរុបកើនឡើងដល់ប្រមាណ ២,៣លាននាក់។
លើសពីនេះ បងប្អូនដែលត្រឡប់ ពីប្រទេសថៃប្រមាណជាង ៦៥ម៉ឺននាក់ ទទួលបានការងារធ្វើជាបន្តបន្ទាប់។ ក្នុងនោះ ៣៣ម៉ឺននាក់ បានទទួលការងារធ្វើនៅតាមរោងចក្រ សហគ្រាស ចំការកសិកម្មធំៗ និងក្រុមហ៊ុននានា និងចំនួនប្រមាណ ៣២ម៉ឺននាក់ផ្សេងទៀត បានទទួលការងារធ្វើនៅតាមសិប្បកម្ម ភោជនីយដ្ឋាន ភេសជ្ជដ្ឋាន ការដ្ឋាន កសិដ្ឋាន ចំការ និងសកម្មភាពអាជីវកម្មនានាដែលនៅក្នុងភូមិ ឃុំ ស្រុក ក្បែរលំនៅឋានរបស់បងប្អូន។

ទន្ទឹមគ្នានេះ ជាមួយនឹងភាពធន់និងកំណើនសេដ្ឋកិច្ច ជាពិសេសសន្ទុះកំណើននៃគម្រោងវិនិយោគថ្មីៗ កម្ពុជានៅតែមានតម្រូវការកម្លាំងពលកម្មខ្ពស់ ដោយផ្តល់ឱកាសការងារជូនបងប្អូនជាមធ្យមប្រមាណ ៨ម៉ឺនកន្លែង ជារៀងរាល់សប្តាហ៍សម្រាប់ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ។
តឹកតាងទាំងអស់នេះ បានបង្ហាញពីកត្តាវិជ្ជមានទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច ការឆ្លុះបញ្ចាំងពីភាពជឿជាក់ និងទំនុកចិត្តរបស់វិនិយោគិនបរទេសមកលើប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។

ចំពោះលោក ថុង ម៉េងដាវីត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខបានថ្លែងថា «កម្ពុជាបច្ចុប្បន្ននេះ គឺក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត យើងសង្កេតឃើញថា ទទួលបានកំណើនសេដ្ឋកិច្ច និងទុនវិនិយោគកើនឡើងជាបន្តបន្ទាប់ គួរឱ្យកត់សម្គាល់ តាមរយៈការអនុវត្តនយោបាយការទូតសេដ្ឋកិច្ច»។

លោកបានអំពាវនាវដល់ម្ចាស់សហគ្រាស គ្រឹះស្ថាន កម្មករ និងអង្គការវិជ្ជាជីវៈទាំងអស់បន្តប្រកាន់ខ្ជាប់នូវច្បាប់ និងស្តង់ដារច្បាប់ដែលមានស្រាប់ និងលើកកម្ពស់វប្បធម៌នៃការអនុលោមតាមច្បាប់។ លោកបញ្ជាក់ថា នេះជាកត្តាសំខាន់សម្រាប់ការលើកកម្ពស់ការប្រកួតប្រជែង ការទាក់ទាញការវិនិយោគ និងបង្កើតឱកាសការងារសមរម្យសម្រាប់កម្មករ និយោជិត និងប្រជាពលរដ្ឋជាបន្តបន្ទាប់ថែមទៀត៕

To Top