អ្នកនាំពាក្យក្រសួងការងារ លើកទឹកចិត្តដល់បងប្អូនកម្មករ ប្តឹង ឬរាយការណ៍មកក្រសួងបកស្រាយ “ករណី រោងចក្រមានការកើនឡើងកម្តៅ គ្មានអនាម័យ និងប្រើពាក្យសម្តីមិនសមរ្យ”
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅថ្ងៃទី២៩ ខែមេសានេះ បានលើកទឹកចិត្តដល់បងប្អូនកម្មករ និយោជិតទាំងអស់ក្លាហាន ក្នុងការប្តឹង ឬរាយការណ៍មកក្រសួងការងារដើម្បីបកស្រាយ “ករណីបរិយាកាសក្នុងរោងចក្រ ឡើងកំដៅខ្លាំង គ្មានអនាម័យ និងមានការប្រើពាក្យសម្តីមិនសមរម្យ”។

លោក ស៊ុន មេសា ថ្លែងថា៖ «ខ្ញុំសូមលើកទឹកចិត្តឱ្យបងប្អូនកម្មករនិយោជិតទាំងអស់ មានភាពក្លាហានក្នុងការប្តឹង ឬរាយការណ៍មកក្រសួង ដើម្បីអន្តរាគមន៍ និង ដោះស្រាយបានទាន់ពេលវេលា ពាក់ព័ន្ធនឹងករណីបរិយាកាសកន្លែងការងារកើនឡើងកំដៅ គ្មានអនាម័យ ខ្វះចន្លោះក្នុងការគិតគូ ដល់កម្មករនិយោជិត ឬមានការប្រើប្រាស់ពាក្យសម្តីមិនសមរម្យ នៅកន្លែងធ្វើការ ដោយក្រសួងរក្សាការសម្ងាត់ជូន»។

លោក ស៊ុន មេសា បានបញ្ជាក់ថា ក្រសួងការងារនឹងទទួលយក និងពិនិត្យរាល់ពាក្យបណ្តឹងរបស់បងប្អូនកម្មករនិយោជិត ជាមួយការយកចិត្តទុកដាក់ខ្ពស់ ហើយនឹងចាត់វិធានការសមស្រប ដើម្បីធានាឱ្យមានការអនុវត្ត តាមច្បាប់ការងារ និងលក្ខខណ្ឌការងារដែលមានសុវត្ថិភាព និងសមរម្យសម្រាប់កម្មករនិយោជិត។

បើតាមអ្នកនាំពាក្យក្រសួងការងារ ការចូលរួមយ៉ាងសកម្មពីសំណាក់កម្មករនិយោជិត ក្នុងការរាយការណ៍បញ្ហាផ្សេងៗក្នុ្ងវិស័យការងារ គឺជាចំណុចសំខាន់ ក្នុងការជួយឱ្យក្រសួងជំនាញ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធអាចដឹងពីសុខទុក និងបញ្ហាជាក់ស្តែងរបស់បងប្អូនកម្មករនិយោជិត និងអាចអនុវត្តវិធានការ ក្នុងការកែលម្អបានទាន់ពេលវេលា៕

