រដ្ឋមន្រ្តីក្រសួងការងារ ចាត់ទុកបងប្អូនកម្មករ និយោជិត ជាវីរបុរស នៃគ្រួសារ និងសង្គមជាតិ
ស្វាយរៀង៖ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតី ភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ» ដែលបានប្រារព្ធឡើង នៅតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង ដែលមានអ្នកចូលរួមប្រមាណជា ១ ៦០០នាក់។

ក្នុងទិវាប្រចាំឆ្នាំដ៏មានអត្ថន័យជ្រាលជ្រៅ របស់កម្មករនិយោជិត នាឱកាសនេះ លោករដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបងប្អូនកម្មករ និយោជិតទាំងអស់ ដោយបានចាត់ទុកកម្មករនិយោជិតគឺជា«វីរបុរសពិតប្រាកដនៃគ្រួសារ សង្គម និងប្រទេសជាតិ» ដោយសារបានលះបង់កម្លាំងកាយចិត្តមកបំពេញ ការងារនៅតាមបណ្ដារោងចក្រ សហគ្រាស ដើម្បីទ្រទ្រង់ជីវភាព គ្រួសារ និងក្លាយជាសសរស្ដម្ភដ៏រឹងមាំ ក្នុងការស្វែងរកប្រាក់ចំណូល ផ្គត់ផ្គង់ការចំណាយប្រចាំថ្ងៃ ក៏ដូចជាការសិក្សារបស់កូនចៅ។

ជាមួយនឹងការរំលឹកពីប្រវត្តិ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា កាលពី ១៤០ឆ្នាំមុន លោករដ្ឋមន្ត្រីមានប្រសាសន៍ថា ការប្រារព្ធទិវានេះធ្វើឡើង ដោយមានប្រធានបទផ្សេងៗគ្នាជារៀងរាល់ឆ្នាំ។ ប្រធានបទ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ» សម្រាប់ឆ្នាំ២០២៦នេះ ដែលជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការអភិវឌ្ឍទីផ្សារការងារឱ្យមានភាពធន់ និងចីរភាព តាមរយៈការបន្តកែលម្អលក្ខខណ្ឌការងារ ការធានាសិទ្ធិសេរីភាព អង្គការវិជ្ជាជីវៈ ការពង្រឹងប្រព័ន្ធគាំពារសង្គម និងការជំរុញកិច្ចសន្ទនាសង្គម ឱ្យកាន់តែស៊ីជម្រៅ ។ លោករដ្ឋមន្រ្តីបានលើកយកប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី ២៦ ខែមេសានេះថា ការងារសមរម្យគឺ ជាការងារដែលប្រកដោយសុខុមាលភាព លក្ខខណ្ឌកាន់តែប្រសើរ ផ្តល់ប្រាក់កម្រៃប្រសើរជាងមុន សម្រាប់បងប្អូនកម្មករនិយោជិត។

ទន្ទឹមនឹងនេះ លោក ហេង សួរ បានលើកទឹកចិត្ត ឱ្យមានការគោរពតាមស្មារតីនៃទិវា ១ ឧសភា ជាបន្តទៀត ដើម្បីពិនិត្យមើលឱ្យមាន ភាពកាន់តែប្រសើរឡើងនៃលក្ខខណ្ឌការងារ និងវិធីសាស្រ្តអនុវត្តការងារកាន់តែល្អ ព្រោះថា ថ្ងៃ ១ ឧសភាមិនត្រឹមតែជាថ្ងៃរំលឹកតែប៉ុណ្ណោះ ប៉ុន្តែការអនុវត្តជាក់ស្តែង គឺនៅតែមានកាតព្វកិច្ចជារៀងរាល់ថ្ងៃ ទាំងនិយោជក មន្រ្តីអធិការកិច្ចការងារ កម្មករនិយោជិត និងសហជីព ដែលត្រូវតែបន្ត អនុវត្តឱ្យស្របតាមលក្ខខណ្ឌការងារ និងវិធីសាស្រ្តផងដែរ ដើម្បីជាផលប្រយោជន៍ទាំងនិយោជក និងកម្មករនិយោជិតក៏ដូចជាកំណើនសេដ្ឋកិច្ចកាន់តែប្រសើរផងដែរ។

លោកបានបន្តថា ខេត្តស្វាយរៀងបានប្រែក្លាយជាខេត្តឈានមុខដែលមានតំបន់សេដ្ឋកិច្ចពិសេសច្រើនជាងគេ ដែលនេះគឺជាសមិទ្ធផលកើតចេញពីកិច្ចសហការយ៉ាងល្អប្រសើររវាងរដ្ឋបាលខេត្ត និងវិនិយោគិន ក្រោមបរិយាកាសនៃសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលមិនត្រឹមតែអាចស្រូបទាញកម្លាំងពលកម្មពីអតីតពលករមកពីក្រៅប្រទេសបានរាប់ពាន់នាក់ប៉ុណ្ណោះទេ ប៉ុន្តែខេត្តនេះក៏នៅតែបន្តមានតម្រូវការកម្លាំងពលកម្មបន្ថែមប្រមាណ ៧ពាន់នាក់ទៀតក្នុងមួយសប្តាហ៍នាពេលបច្ចុប្បន្ន។

លើសពីនេះ លោករដ្ឋមន្ត្រីបានធ្វើការពន្យល់ដ៏ក្បោះក្បាយរវាងការងារក្នុងស្រុក និងការងារនៅប្រទេសថៃ ដោយលោកបានគូសបញ្ជាក់ពីការបន្តពង្រឹងប្រព័ន្ធគាំពារសង្គម តាមរយៈការទទួលបានអត្ថប្រយោជន៍នៃសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ក្នុងខេត្តស្វាយរៀង និងការពង្រីកវិសាលភាពនៃសេវាសុខាភិបាលឱ្យកាន់តែខិតជិតបងប្អូនកម្មករ។ រាជរដ្ឋាភិបាលនៅតែបន្តអនុវត្តយ៉ាងសកម្មនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ព្រមទាំងការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យដោយឥតបង់ថ្លៃ ដើម្បីបង្កើនសមត្ថភាព និងឱកាសការងារឱ្យកាន់តែប្រសើរឡើងជាងមុន។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានអំពាវនាវ ដល់អ្នកបច្ចេកទេស និយោជក និងកម្មករនិយោជិត និងសហជីពឱ្យឈ្វែងយល់ កាន់តែច្រើនពីលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ និងថែរក្សាសុខភាព ជាពិសេសនៅក្នុងរដូវក្តៅនេះ ហើយបន្តរួមគ្នារក្សាសុខដុមនីយកម្ម នៃទំនាក់ទំនងវិជ្ជាជីវៈ ដោយត្រូវចាត់ទុកសហគ្រាសគឺជា «ឆ្នាំងបាយរួម» និងជា «ផ្ទះទីពីរ» ដែលត្រូវរួមគ្នាថែរក្សាឱ្យបានគង់វង្ស។ ម្យ៉ាងទៀតដើម្បីខឿនការពារជាតិ រឹងមាំ និងការអភិវឌ្ឍរីកចំរើនតទៅមុខ។ លោក ហេង សួរ ក៏បានក្រើនរំលឹកដល់បងប្អូន ទាំងអស់ត្រូវមានជំនឿ ចិត្តលើការដឹកនាំ របស់រាជរដ្ឋាភិបាល និងជៀសវាងឱ្យឆ្ងាយពីការចាញ់បោក ការញុះញង់ពីក្រុមជ្រុល និយមដែលព្យាយាមឆក់យកឱកាសនេះ បង្កផលប៉ះពាល់ដល់ស្ថិរភាពសង្គម ក្នុងកាលៈទេសៈដែលយើងត្រូវរួម សាមគ្គីគ្នាជាធ្លុងមួយក្នុងបុព្វហេតុការពារជាតិមាតុភូមិ៕












