ព័ត៌មានជាតិ

ចិន បន្តការគាំទ្រកម្ពុជា លើការការពារបរិស្ថាន ការបញ្ចេញកាបូនទាប និងប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាសធាតុ

ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងអំឡុងពេលអញ្ជើញ បំពេញបេសកកម្ម នៅប្រទេសចិន នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ បានជួបពិភាក្សាការងារជាមួយ លោក Huang Runqiu រដ្ឋមន្ត្រីក្រសួងអេកូឡូស៊ី និងបរិស្ថានចិន នៅទីក្រុងសៀងហៃ ប្រទេសចិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើការការពារបរិស្ថាន ការបញ្ចេញកាបូនទាប និងការប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាសធាតុ។

ក្នុងឱកាសនោះ លោកបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍អំពីដំណើរការជំរុញ « ភាពស្អាត » នៅកម្ពុជាយើង និងបានថ្លែងអំណរគុណ ដល់ ឯកឧត្តម Huang Runqiu ដែលបានផ្តល់អំពូលសូឡាដាក់បំភ្លឺតាមផ្លូវ និង អំពូលសូឡាដាក់តាមផ្ទះ ជូនក្រសួងបរិស្ថាននាពេលកន្លងមក។

អំពូលទាំងនោះ បានយកទៅផ្តល់ ជូនប្រជាពលរដ្ឋនៅតាមសហគមន៍ តំបន់ការពារធម្មជាតិ នៅក្នុងភូមិសាស្រ្តតំបន់ សហគមន៍ទេទឹកពុះ សហគមន៍ភ្នំខ្នងផ្សារ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅលើកោះស្រឡៅ ក្នុងភូមិសាស្រ្តស្រុកកោះកុង ខេត្តកោះកុង និងបានតម្លើងនៅតាមថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ របស់ក្រសួងបរិស្ថាន ទាំង៥កន្លែង រួមមាននៅខេត្តត្បូងឃ្មុំ កំពង់ស្ពឺ សៀមរាប មណ្ឌលគិរី និងកោះកុង។

លោក រដ្ឋមន្ត្រីក្រសួងអេកូឡូស៊ី និងបរិស្ថាននៃប្រទេសចិន បានថ្លែងថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យ ដែលក្រសួងបរិស្ថានកម្ពុជា ទទួលបាន ក្នុងការជំរុញ « ភាពស្អាត » នៅកម្ពុជា ។

លោក Huang Runqiu បានមានប្រសាសន៍ ផ្តល់អំពូលសូឡាដាក់តាមផ្លូវចំនួន ២០០០ ដើម និងប្រព័ន្ធអំពូលភ្លើង សូឡាដាក់តាមផ្ទះចំនួន ៣០០០ ឈុត បន្ថែមទៀត ជូនដល់ក្រសួងបរិស្ថាន ដើម្បីយកទៅប្រើប្រាស់ សម្រាប់ប្រយោជន៍សាធារណៈ ជាពិសេស នៅខេត្តត្បូងឃ្មុំ និង នៅតាមតំបន់ការពារ ដើម្បីធ្វើយ៉ាងណាជួយ ឲ្យសហគមន៍មានភ្លើងប្រើ និង ជួយសម្រួលដល់ជីវភាពរស់នៅរបស់ពួកគាត់ ឲ្យកាន់តែប្រសើរឡើង៕

To Top