DAP News
ព័ត៌មានជាតិ

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តបាត់ដំបង ត្រូវបានសម្ពោធ ដាក់ឱ្យដំណើរការ ដោយចំណាយថវិកា ៣១,៧៧ លានដុល្លារ

បាត់ដំបង ៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តបាត់ដំបង ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ដែលជាសមិទ្ធផលថ្មីមួយទៀត ក្នុងការពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាត ដើម្បីឆ្លើយតបនឹងកំណើននៃតម្រូវការ ក្នុងក្រុងបាត់ដំបង និងតំបន់ជុំវិញ។

ពិធីសម្ពោធត្រូវបានធ្វើឡើង ក្រោមអធិបតីភាព លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីនេះ ចំណាយថវិកាសរុបប្រមាណ ៣១,៧៧ លានដុល្លារអាមេរិក ដែលជាគម្រោងសហហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

គម្រោងនេះមានទីតាំងស្ថិត ក្នុងភូមិកំពង់សីមានៃក្រុងបាត់ដំបង ដោយបានចាប់ផ្តើម សាងសង់ក្នុងខែកក្កដា ឆ្នាំ២០២២ និងបញ្ចប់ការសាងសង់ក្នុងខែធ្នូ ឆ្នាំ២០២៥ ដែលរួមមានស្ថានីយបូមទឹកឆៅមួយ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតសមត្ថភាព ៥០.០០០ ម៉ែត្រគីបក្នុងមួយថ្ងៃ និងបណ្តាញចែកចាយប្រវែង ៩៤ គីឡូម៉ែត្រ។

ជាមួយការដាក់ ឱ្យដំណើរការប្រព័ន្ធនេះ រដ្ឋាករទឹកបាត់ដំបងបានបង្កើនសមត្ថភាពផលិតទឹកស្អាតរបស់ខ្លួនជាងពីរដង និងពង្រីកការតភ្ជាប់ បណ្តាញថ្មីជូនដល់ ១៦.៧៩៨ គ្រួសារបន្ថែមទៀត ដែលគ្របដណ្តប់ប្រមាណ ៧៦% នៃតំបន់សេវាកម្មរបស់ខ្លួន។

ថ្លែងក្នុងពិធីសម្ពោធ លោករដ្ឋមន្ត្រី ហែម វណ្ណឌី បានលើកឡើងថា «ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីនេះ បង្កើនសមត្ថភាពផលិតទឹកស្អាត របស់រដ្ឋាករទឹកបាត់ដំបងពី ៣៣.៥២០ ម៣/ ថ្ងៃ ទៅដល់ ៨៣.៥២០ ម៣/ ថ្ងៃ, កើន ១៤៨%»។

អ្នកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជា នៃធនាគារអភិវឌ្ឍន៍អាស៊ី បានរំលេចពីគុណប្រយោជន៍ដ៏ទូលំទូលាយនៃគម្រោង ដោយលើកឡើងថា «ការផ្គត់ផ្គង់ទឹកស្អាតដែលអាចទុកចិត្តបាន លើកកម្ពស់សុខភាពសាធារណៈ សន្សំពេលវេលាសម្រាប់គ្រួសារ និងគាំទ្រកំណើនសេដ្ឋកិច្ចក្នុងមូលដ្ឋាន ។ ខណៈដែលនគរូបនីយកម្មកំពុងមានសន្ទុះយ៉ាងលឿន ការទទួលបានទឹកស្អាតដែលមានសុវត្ថិភាព និងតម្លៃសមរម្យ មានសារសំខាន់ចំពោះផលិតភាព និងគុណភាពជីវិត»៕

To Top