សម្តេចតេជោ ចាត់ទុកអតីតរដ្ឋមន្រ្តី ការពារជាតិវៀតណាម ជាមិត្តចាស់របស់កម្ពុជា
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចាត់ទុកថា លោក ផាម វ៉ាន់ត្រា អតីតសមាជិកការិយាល័យ នយោបាយគណបក្សកុម្មុយនីស្តវៀតណាម និងជាអតីតរដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម គឺជាមិត្តចាស់របស់កម្ពុជា ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងក្រោយបញ្ចប់កិច្ចជំនួប រវាងសម្តេចតេជោ ហ៊ុន សែន និង លោក ផាម វ៉ាន់ត្រាថា សម្តេចតេជោ ចាត់ទុកអតីតរដ្ឋមន្រ្តីការបរទេស វៀតណាជាមិត្តចាស់ របស់កម្ពុជា ជាពិសេសឧត្តម បានចូលរួមចំណែកជួយកម្ពុជា ក្នុងការរំដោះកម្ពុជា ចេញពីរបបខ្មៅងងឹតប៉ុលពត ។

អ្នកនាំពាក្យបន្តថា “សម្តេចតេជោសប្បាយចិត្តរីករាយជាខ្លាំង ដែលបានជួបជាមួយឯកឧត្តម ផាម វ៉ាន់ត្រា ។ សម្តេចបានចាត់ទុកឯកឧត្តម ជាមិត្តចាស់របស់កម្ពុជា ជាពិសេសឯកឧត្តមបានចូលរួមចំណែកកន្លងមក ជួយកម្ពុជា ក្នុងការរំដោះកម្ពុជា ចេញពីរបបខ្មៅងងឹតប៉ុលពតនាពេលកន្លងមក ដែលមានអនុស្សាវរីយ៍ជាមួយគ្នាយ៉ាងច្រើន” ។

ជាកិច្ចឆ្លើយតបលោក ផាម វ៉ាន់ត្រា បានសម្តែងក្តីរីករាយឥតឧបមា ដែលបានជួបសម្តេចតេជោជាថ្មី នាពេលនេះ ក្រោយខានជួបគ្នាអស់រយៈពេល១០ឆ្នាំ ។ លោកថា ការជួបគ្នាជាថ្មី ជាមួយសម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីមិត្តភាពដ៏យូរអង្វែង រវាងសម្តេចនិងឯកឧត្តមផ្ទាល់ ក៏ដូចជាមិត្តភាព រវាងកម្ពុជា-វៀតណាមផងដែរ ។

លោកបញ្ជាក់ដែរថា សម្រាប់ដំណើរ ទស្សនកិច្ចមកកម្ពុជានេះ មានគោលបំណង២សំខាន់ៗ គឺទី១-ចង់មកជួបសួរសុខទុក្ខសម្តេចតេជោ ដែលធ្លាប់បានធ្វើការងារ ជាមួយគ្នាយ៉ាងច្រើន នាពេលកន្លងមក និងទី២-ចង់មើលទីតាំងមួយចំនួន ដែលជាអនុស្សាវរីយ៍ធ្លាប់ជួយរំដោះកម្ពុជា ចេញរបបខ្មែរក្រហម ៕

