ព័ត៌មានជាតិ

រដ្ឋមន្រ្តីសុខាភិបាល៖ ការពារបរិស្ថាន គឺការពារសុខភាព និងការពារអនាគត របស់យើង

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា បរិស្ថាន និងសុខភាព ជាបញ្ហាប្រឈមដ៏ធំមួយ នៃសម័យកាលបច្ចុប្បន្ន ដែលត្រូវទាមទារការពារឱ្យបានល្អប្រសើរ ។

ការលើកឡើងបែបនេះរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងសុខាភិបាល និងក្រសួងបរិស្ថាន ស្តីពីការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាព នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។

លោកសាស្ត្រាចារ្យ ឈាង រ៉ា បន្តថា ទឹក ដី ខ្យល់ និងការបំពុលបរិស្ថានប្រចាំថ្ងៃមានផលវិបាកដោយផ្ទាល់ទៅលើសុខភាពមនុស្ស ទាំងពេលចំពោះមុខ និងរយៈពេលវែង ដែលទទួលខុសត្រូវ ចំពោះការស្លាប់ប្រហែល ២៥% នៅទូទាំងពិភពលោក , រួមចំណែកបណ្តាលឱ្យកើតជំងឺមហារីក និងជំងឺរុំារ៉ៃទាំងឡាយ និងប៉ះពាល់ដល់សត្វ និងប្រព័ន្ធអេកូឡូស៊ីផងដែរ។

លោកបន្តថា ប្រឈមមុខនឹងការពិតនេះ ក្រសួងសុខាភិបាលបានសហការជាមួយក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការគាំទ្រយុទ្ធសាស្រ្តសុខភាពតែមួយ (ONE HEALTH) ដោយរួមបញ្ចូលនូវសុខភាពមនុស្ស , សុខភាពសត្វ និងការការពារបរិស្ថាន ។

លោកគូសបញ្ជាក់ថា ការការពារធម្មជាតិ គឺមានន័យថា ជាការការពារជីវិត ៕

To Top