លោក នេត្រ ភក្ត្រា ៖ ការទប់ស្កាត់អាពាហ៍ពិពាហ៍ នៅវ័យក្មេង មិនមែនជាការរារាំង ប្រពៃណីដ៏ល្អផូរផង់
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានលើកឡើងថា ការទប់ស្កាត់អាពាហ៍ពិពាហ៍នៅវ័យក្មេង មិនមែនជាការរារាំង ប្រពៃណីដ៏ល្អផូរផង់ របស់សង្គមជាតិនោះឡើយ ។

ក្នុងឱកាសអញ្ជើញបើកសិក្ខាសាលា ស្តីពី “ការបង្ការទប់ស្កាត់ផលប៉ះពាល់ នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងការមានផ្ទៃពោះនៅវ័យជំទង់” នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងព័ត៌មានថ្លែងថា ការងារយ៉េនឌ័រ ការងារក្មេងស្រី និងការងារទប់ស្កាត់អាពាហ៍ពិពាហ៍នៅវ័យក្មេង មិនមែនជាការងារ របស់វិស័យណាមួយតែឯកឯងឡើយ ប៉ុន្តែជាបេសកកម្មរួម របស់រាជរដ្ឋាភិបាល ស្ថាប័នសាធារណៈ ប្រព័ន្ធផ្សព្វផ្សាយ គ្រួសារ សាលារៀន សហគមន៍ អង្គការដៃគូ វិស័យឯកជន និងសង្គមទាំងមូល ខណៈពិភពលោក មានក្មេងស្រីប្រមាណជា៦៤០លាននាក់ បានរៀបអាពាហ៍ពិពាហ៍ នៅវ័យក្មេង ។ លោកថា ក្នុងចំណោមនេះ ស្ទើរពាក់កណ្តាល នៃកូនក្រមុំមានវ័យក្មេង គឺស្ថិតក្នុងតំបន់អាស៊ីខាងត្បូងប្រមាណជា ៤៥ ភាគរយ ស្មើនឹងប្រមាណ២៩០លាននាក់ ។

លោក នេត្រ ភក្ត្រា គូសបញ្ជាក់ថា ការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង មិនមែនជាបញ្ហាឯកជន របស់គ្រួសារមួយប៉ុណ្ណោះទេ តែជាបញ្ហានៃសិទ្ធិមនុស្ស សុខភាពសាធារណៈ ការអប់រំ សេដ្ឋកិច្ច សមភាពយ៉េនឌ័រ និងអនាគតនៃធនធានមនុស្សរបស់ជាតិ។

លោកសង្កត់ធ្ងន់ថា ក្មេងស្រីម្នាក់ ដែលត្រូវបានបញ្ឈប់ការសិក្សា ដោយសារតែអាពាហ៍ពិពាហ៍មុនវ័យ គឺជាសក្តានុពលមួយដែលគ្រួសារ សហគមន៍ និងសង្គមជាតិបានបាត់បង់ ។ ដូច្នេះការការពារក្មេងស្រី គឺជាការការពារអនាគតគ្រួសារ សហគមន៍ និងប្រទេសជាតិ ដោយត្រូវមើលបញ្ហានេះ ឱ្យឆ្ងាយជាងរឿងអាពាហ៍ពិពាហ៍មួយគូ ឬក៏ការសម្រចចិត្តរបស់គ្រួសារមួយ ។

រដ្ឋមន្ត្រីបន្តទៀតថា នៅពេលក្មេងស្រីម្នាក់បាត់បង់ឱកាសសិក្សា គឺសង្គមជាតិ បាត់បង់ធនធានមនុស្សម្នាក់។ នៅពេលក្មេងស្រីម្នាក់ ប្រឈមនឹងការមានផ្ទៃពោះនៅវ័យក្មេង គ្រួសារ និងសហគមន៍ ក៏ប្រឈមនឹងហានិភ័យខាងផ្នែកសុខភាព សេដ្ឋកិច្ច និងសង្គម ។ ដូច្នេះការទប់ស្កាត់អាពាហ៍ពិពាហ៍នៅវ័យក្មេង មិនមែនជាការរារាំងប្រពៃណីដ៏ល្អផូរផង់របស់សង្គមជាតិនោះទេ ប៉ុន្តែជាការកាពារអនាគត ការពារសេចក្តីថ្លៃថ្នូរ និងការពារសមត្ថភាព របស់ក្មេងស្រីឱ្យរីកចម្រើនពេញលេញ។

លោកបន្ថែមថា ការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និង ការមានផ្ទៃពោះនៅវ័យជំទង់ គឺជាបញ្ហាសាកល ដែលត្រូវបានអង្គការសហប្រជាជាតិ លើកយកមកធ្វើជាប្រធានបទសំខាន់ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស និងមហាសន្និបាតនៃអង្គការសហប្រជាជាតិ ដោយអង្គការពិភពលោកមួយនេះ បានចាត់ទុកថា ការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង ជាការរំលោភសិទ្ធិមនុស្សរបស់ក្មេងស្រី និងស្ត្រីវ័យជំទង់ ដែលរារាំងដល់ការប្រើប្រាស់សិទ្ធិ ការអភិវឌ្ឍសមត្ថភាព ការចូលរួមសង្គម និងសេចក្តីថ្លៃថ្នូររបស់ពួកគេថែមទៀតផង។

យោងតាមលទ្ធផល នៃការសង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាឆ្នាំ២០២២ បានបង្ហាញថាមានស្ត្រី១.៨ភាគរយ បានរៀបអាពាហ៍ពិពាហ៍ នៅមុនអាយុ១៥ឆ្នាំ មានស្ត្រី ១៧.៩ ភាគរយ បានរៀបអាពាហ៍ពិពាហ៍នៅមុនអាយុ១៨ឆ្នាំ និងមានបុរស៦ភាគរយ បានរៀបការនៅមុនអាយុ១៨ឆ្នាំ៕

