ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ ដាស់តឿន ដល់មន្ត្រីអនុវត្តផ្ទាល់ លើការងារបម្រើសេវាសាធារណៈ ជូនពលរដ្ឋ ត្រូវ​ចៀសវាងដាច់ខាត អំពើពុករលួយ

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាស់តឿនដល់មន្ត្រីអនុវត្តផ្ទាល់ លើការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ និងចៀសវាងដាច់ខាតនូវអំពើពុករលួយ ។

ការដាស់តឿនរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានធ្វើឡើងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ កម្មវិធីព័ត៌មានវិទ្យា សម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាល តាមប្រព័ន្ធអនឡាញ នៅអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលរាជធានី ខេត្ត នៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។

នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានដាស់តឿនដល់មន្ត្រីអនុវត្តផ្ទាល់លើការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ ចៀសវាងដាច់ខាតនូវអំពើពុករលួយ និងត្រូវបន្តអនុវត្តអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ចំពោះមន្ត្រីអសកម្ម។

លោកឧបនាយករដ្ឋមន្ត្រី បន្ដថា ចំណែក រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវគ្រប់គ្រង និងបែងចែកចំណូលដែលបានពីកម្រៃសេវាឱ្យបានត្រឹមត្រូវ និងមានតម្លាភាពតាមនីតិវិធីហិរញ្ញវត្ថុ ដើម្បីធានាឱ្យបាននូវការផ្តល់សេវាសាធារណៈដែលបម្រើផលប្រយោជន៍ពិតប្រាកដជូនប្រជាពលរដ្ឋ។

នាឱកាសនោះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាត់ទុកកម្មវិធីព័ត៌មានវិទ្យា សម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាល តាមប្រព័ន្ធអនឡាញ ជាសមិទ្ធផលថ្មីមួយទៀត ដើរតាមលំនាំថ្នាលថ្មី រដ្ឋាភិបាលឌីជីថល ក្នុងដំណើរការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមគោល នយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាពិសេសមុំបច្ចេកវិទ្យាឌីជីថល ដើម្បីឈានទៅសម្រេចបានភាពពេញលក្ខណៈ នៃប្រព័ន្ធរដ្ឋាភិបាលឌីជីថល៕

To Top