សកម្មភាព ផ្ទុះអាវុធរបស់ភាគីថៃ ៥លើក គឺផ្ទុយនឹងបទឈប់បាញ់
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ប៉ែន បូណាបានលើកឡើងថា សកម្មភាពរបស់ភាគីថៃ ធ្វើឱ្យមានការផ្ទុះអាវុធនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ក្នុងគ្រាក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា ចុះសង្កេតការណ៍នៅច្រកអូរស្មាច់ គឺផ្ទុយទៅនឹងស្មារតី នៃបទឈប់បាញ់រវាងកម្ពុជា-ថៃ ។

ក្នុងសេក្តីថ្លែងការណ៍ ស្តីពីស្ថានភាពកម្ពុជា-ថៃ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា ករណីផ្ទុះអាវុធបង្កឡើង ដោយកម្លាំងយោធាថៃចំនួន៥លើក កាលពីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ដោយមានការបាញ់កាំភ្លើងប្រភេទ M79 និងប្រភេទ M16 សរុបចំនួន៩គ្រាប់ ក្នុងខណៈក្រុមអនុព័ន្ធយោធាបរទេស ចុះសង្កេតការណ៍ នៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យ ផ្ទៀងផ្ទាត់ស្ថានការណ៍ នៅក្រោយបទឈប់បាញ់ ចូលជាធរមាន គឺផ្ទុយទៅនឹងស្មារតីនៃបទឈប់បាញ់ ។

អ្នកនាំពាក្យបញ្ជាក់ថា “សកម្មភាពបែបនេះរបស់ភាគីថៃ គឺផ្ទុយទៅនឹងស្មារតី នៃបទឈប់បាញ់ និងកិច្ចព្រមព្រៀងទាំងឡាយ ដែលភាគីទាំងពីរ បានឯកភាពគ្នា ដើម្បីកាត់បន្ថយភាពតានតឹង និងលើកកម្ពស់សន្តិភាព សន្តិសុខ និងភាពស្ងប់ស្ងាត់នៅតាមបណ្តោយព្រំដែន ហើយកងកម្លាំងរបស់កម្ពុជា បាននិងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់” ។

សូមបញ្ជាក់ថា មុនការចេញដំណើរទស្សនកិច្ចរបស់ក្រុមអនុព័ន្ធយោធាបរទេស ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) នៃយោធភូមិភាគទី៤កម្ពុជា បានចេញលិខិតជូនដំណឹងជាផ្លូវការ ជូនទៅកាន់ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) នៃកងទ័ពភូមិភាគទី២ថៃផងដែរ ប៉ុន្តែភាគីថៃ នៅផ្គើនដោយធ្វើការបំផ្ទុះអាវុធ៕
