ព័ត៌មានជាតិ

លោក ទេព អស្នារិទ្ធ៖ អ្នកសារព័ត៌មានជាង ៧០% បំពេញភារកិច្ច​ ដោយគ្មានការគំរាមកំហែង

ភ្នំពេញ៖ ក្នុងសន្និសីទជាតិក្រោមប្រធានបទ «ការរៀបចំអនាគតប្រកបដោយសន្តិភាព៖ ការលើកកម្ពស់សេរីភាពសារព័ត៌មាន ដើម្បីសិទ្ធិមនុស្ស ការអភិវឌ្ឍ និងសន្តិសុខ» អ្នកនាំពាក្យក្រសួងព័ត៌មាន បានបង្ហាញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ នៃលំហសេរីភាពសារព័ត៌មាន និងកិច្ចខិតខំប្រឹងប្រែង ក្នុងការគាំពារអ្នកសារព័ត៌មាន តាមរយៈយន្តការច្បាប់ និងការផ្សះផ្សាវិវាទ ក្រៅប្រព័ន្ធតុលាការ។

លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ៧០,៤% នៃអ្នកចូលរួមស្ទង់មតិសរុប បានអះអាងថា មិនដែលប្រឈមនឹងការគំរាមកំហែង ការយាយី ឬអំពើហិង្សា ក្នុងការបំពេញការងារក្នុងឆ្នាំកន្លងទៅទេ ខណៈដែល៨៤,៦% បានអះអាងថា ពុំធ្លាប់ត្រូវបានប្រជាពលរដ្ឋ ឬអាជ្ញាធរប្តឹងផ្តល់ពាក់ព័ន្ធនឹងការចុះផ្សាយ របស់ខ្លួនឡើយ។

លោកបន្តថា ចាប់តាំងពីឆ្នាំ២០២៥ ដល់ ត្រីមាសទី១ ឆ្នាំ២០២៦ ក្រសួងព័ត៌មានបានជួយសម្របសម្រួល និងការពារអ្នកសារព័ត៌មាន ដោយបានជួយអន្តរាគមន៍ឱ្យមានការដោះលែង និងនៅក្រៅឃុំដល់អ្នកសារព័ត៌មាន សរុប ១៤ នាក់, ផ្សះផ្សាយវិវាទក្រៅប្រព័ន្ធតុលាការចំនួន ៣៧ ករណី/បណ្តឹង ពាក់ព័ន្ធ៦៩ នាក់ និងបានផ្តល់ការការពារផ្នែកច្បាប់ ក្នុងនីតិវិធីតុលាការចំនួន ៧ ករណី ពាក់ព័ន្ធ១៥ នាក់។

លោក អ្នកនាំពាក្យ បានសង្កត់ធ្ងន់ថា ការរៀបចំសណ្តាប់ធ្នាប់ និងការធ្វើបច្ចុប្បន្នភាពបទប្បញ្ញត្តិច្បាប់ពាក់ព័ន្ធ ក្នុងវិស័យព័ត៌មាន មិនមែនជាការរឹតត្បិតសេរីភាពនោះទេ ប៉ុន្តែបានជួយការពារអ្នកសារព័ត៌មានអាជីព ពីការលួចបន្លំ ឬការវាយប្រហារ ដោយព័ត៌មានក្លែងក្លាយ ជាពិសេសក្នុងសម័យកាលដែលបញ្ញាសិប្បនិម្មិត (AI) កំពុងមានឥទ្ធិពល។ តាមលទ្ធផលការស្ទង់មតិ៩៦,៣% បានគាំទ្រឱ្យពង្រឹងលក្ខខណ្ឌគុណវុឌ្ឍិ ដើម្បីការពារតម្លៃវិជ្ជាជីវៈ និងកសាងទំនុកចិត្តពីសាធារណជន។

ជាមួយគ្នានេះ ក្រសួងព័ត៌មាន នៅតែបន្តប្តេជ្ញា លើកកម្ពស់សន្តិសុខព័ត៌មាន និងពង្រឹងគុណភាពវិជ្ជាជីវៈ ដោយអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ឱ្យចូលរួមក្នុងស្មារតីស្ថាបនា ហ៊ានទទួលស្គាល់ការពិត និងរៀនទទួលយកនូវកិច្ចខិតខំប្រឹងប្រែង ដែលកម្ពុជាសម្រេចបាន ជាពិសេសការខិតខំ របស់ក្រសួងព័ត៌មាន ក្នុងការលើកកម្ពស់សិទ្ធិសេរីភាពសារព័ត៌មាន ដើម្បីជាមូលដ្ឋានគ្រឹះនៃសេរីភាពសារព័ត៌មាន ក្នុងប្រព័ន្ធនីតិរដ្ឋ។

គួររម្លឹកថា អង្គការសារព័ត៌មាន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍បានរួមគ្នាប្រារព្ធ ទិវាសេរីភាពសារព័ត៌មានពិភពលោក នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ក្រោមប្រធានបទជាតិ «ការលើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយសេរី និងមានទំនួលខុសត្រូវ ដើម្បីសន្តិភាព និងការអភិវឌ្ឍ» ។

ព្រឹត្តិការណ៍ពេញមួយថ្ងៃនេះ បានពិភាក្សាលើការអនុវត្តច្បាប់ដែលមានស្រាប់ និងបទបញ្ញត្តិថ្មីៗ ដើម្បីពង្រឹងវិជ្ជាជីវៈ និងសុចរិតភាពព័ត៌មាន ដោយធានាការប្រតិបត្តិវិជ្ជាជីវៈត្រឹមត្រូវ គោរពច្បាប់ និងពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន ក្នុងការផ្តល់ព័ត៌មានទាន់ហេតុការណ៍ និងសុវត្ថិភាពក្នុងកំឡុងពេលមានវិបត្តិ និងការពិភាក្សាអំពីក្រមសីលធម៌ និងតម្លាភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីរក្សាទំនុកចិត្តពីសាធារណជន ។

សន្និសីទនេះ មានការចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធZoom ពីវាគ្មិនកិត្តិយស តំណាងស្ថាប័នសំខាន់ៗ រួមមានក្រសួងព័ត៌មាន, ក្រសួងបរិស្ថាន តំណាងអង្គការយូណេស្កូ(UNESCO), តំណាងស្ថានទូតបារាំង អូស្រ្តាលី អង់គ្លេស ម៉ាឡេស៊ី, អង្គការ NPA ប្រចាំកម្ពុជា, អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (RSF), អង្គការសង្គមស៊ីវិល មកពី CamboJA, CCIM, CMPO អ្នកផលិតមាតិកា និងសិស្សនិស្សិត សរុបប្រមាណ ១៥០នាក់៕

To Top