សម្ដេចធិបតី អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ “រួមគ្នាកសាងភាពធន ដើម្បីការងារសមរម្យ” និងខួបអនុស្សាវរីយ៍ លើកទី៣០ នៃជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុន សម្រាប់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (១៩៩៦-២០២៦) ។

ពិធីអបអរសាទរខួបអនុស្សាវរីយ៍ នៃទិវាពលកម្មអន្តរជាតិ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធរៀបចំឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ មកទល់បច្ចុប្បន្ន ដើម្បីរំលឹក នូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៃចលនាកម្មករអន្តរជាតិ កាលពី ១៤០ឆ្នាំមុន។ ក្រៅអំពីការ រៀបចំពិធីជួបសំណេះសំណាល រាជរដ្ឋាភិបាលកម្ពុជា ក៏តែងតែបានយកចិត្តទុកដាក់ខ្ពស់ និង បានគិតគូរ ក្នុងការលើកកម្ពស់ការការពារសិទ្ធិសេរីភាព អង្គការវិជ្ជាជីវៈ របស់កម្មករ និយោជិត និង សុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ តាមរយៈការពង្រឹងការអនុវត្តយ៉ាងពេញលេញ នូវច្បាប់ស្តីពី ការងារ ច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីរបបសន្តិសុខសង្គម ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា គោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងអនុសញ្ញាអន្តរជាតិផ្នែកការងារ ក្នុងគោលបំណង ធានាបាននូវលក្ខខណ្ឌការងារល្អប្រសើរ សុវត្ថិភាពនិងសុខភាពការងារ ដែលការពារផលប្រយោជន៍ រួមជូនបងប្អូនកម្មករ និយោជិត និងនិយោជក រួមជាមួយនឹងការគិតគូរអំពីការចរចា និងដំឡើង ប្រាក់ឈ្នួលអប្បបរមា ប្រាក់រង្វាន់អតីតភាពការងារ និងអត្ថប្រយោជន៍ផ្សេងៗជាប្រចាំ។

ជាមួយគ្នានេះ ក្នុងបរិបទ នាពេលបច្ចុប្បន្នដែលកម្ពុជាក៏ដូចជាប្រទេសជាច្រើន បាននិង កំពុងជួបប្រទះនូវការ លំបាកដែលបង្កឡើងដោយវិបត្តិសកល យ៉ាងណាក្តី តាមរយៈការដាក់ចេញ នូវគោលនយោបាយដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល នាពេលបច្ចុប្បន្ន កម្ពុជាបាននិងកំពុងជម្នះនូវ ការលំបាកនិងឧបសគ្គធំៗជាច្រើន ក្នុងគោលដៅជំរុញសេដ្ឋកិច្ចជាតិ ឱ្យទទួលបានវឌ្ឍនភាពឡើងវិញ និងសម្រួលដល់ជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសជំរុញសកម្មភាព របស់វិស័យ ឯកជន លើផលិតកម្ម អាជីវកម្ម ពាណិជ្ជកម្ម និងសេវាកម្មគ្រប់ប្រភេទ ដើម្បីបង្កើតមុខរបរ និង ការងារជូនបងប្អូនប្រជាពលរដ្ឋ កម្មករ និយោជិត ដែលនឹងបង្កើននូវប្រាក់ចំណូល និងលើកកម្ពស់កម្រិតជីវភាព ។ ការណ៍នេះសបញ្ជាក់ឱ្យឃើញ អំពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលចំពោះបុគ្គលិក កម្មករ និយោជិត និងសហជីពទាំងអស់ដែលមានវត្តមាន និងកំពុងបំពេញ សកម្មភាពការងារ នៅក្នុងប្រទេសកម្ពុជា៕
