ព័ត៌មានជាតិ

សម្ដេច នាយករដ្ឋមន្ដ្រី ៖ ក្រោយស្ថានភាពព្រំដែន កម្ពុជា-ថៃ មានស្ថេរភាព សម្ដេច ចាប់ផ្ដើមចូលរួមកម្មវិធីមួយចំនួន

ព្រះសីហនុ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ក្រោយពីស្ថានភាព ព្រំដែន កម្ពុជា-ថៃ មានស្ថេរភាព សម្ដេច បានចាប់ផ្ដើមចេញទៅលើការងារ ចូលរួមក្នុងកម្មវិធីមួយចំនួន។

នាពេលកន្លងទៅ សម្ដេច នាយករដ្ឋមន្ដ្រី បានលុបកម្មវិធីមួយចំនួន ដោយសារបញ្ហាព្រំដែន កម្ពុជា-ថៃ តម្រូវឱ្យ សម្ដេច នៅតាមដាន និងប្រចាំការជានិច្ច។

ការលើកឡើងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតី «ខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ និងខួបអនុស្សាវរីយ៍លើកទី៣០ នៃជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុន សម្រាប់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (១៩៩៦-២០២៦)» នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃសុក្រ ទី១ ខែឧសភា ឆ្នាំ២០២៦។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «កន្លងទៅ ខ្ញុំបានលុបកម្មវិធីមួយចំនួន ដោយសារស្ថានភាពនៅព្រំដែន ដែលទាមទារប្រចាំការ។ ប៉ុន្ដែក្រោយពីស្ថានភាពមានស្ថេរភាព អញ្ចឹងយើងក៏ចាប់ផ្ដើមចេញទៅលើការងារ ចូលរួមនៅក្នុងកម្មវិធីមួយចំនួន រួមទាំងកម្មវិធីនៅទីនេះ»។

សូមរំលឹកថា តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការពារជាតិ បានឱ្យដឹងថា រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយបញ្ហាព្រំដែនទាំងអស់ តាមសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ដែលពាក់ព័ន្ធ ព្រមទាំងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥៕

To Top