ព័ត៌មានជាតិ

សម្តេចធិបតី ឱ្យស្ថាប័នមួយចំនួន កាត់បន្ថយការធ្វើនីតិវិធីត្រួតគ្នា ដែលនាំឱ្យខាតពេលវេលា និងចំណាយថវិកាច្រើន

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវពិនិត្យឡើងវិញ ដើម្បីកាត់បន្ថយការធ្វើនីតិវិធីត្រួតគ្នាពីរតង់ ដែលនាំឱ្យមានការរាំងស្ទះ ខាតបង់ពេលវេលា និងចំណាយថវិកាច្រើន ។

ការណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល​ ជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ “រួមគ្នាកសាងភាពធន ដើម្បីការងារសមរម្យ” និងខួបអនុស្សាវរីយ៍ លើកទី៣០ នៃជំនួយអភិវឌ្ឍន៍ផ្លូវការ​របស់ជប៉ុន សម្រាប់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (១៩៩៦-២០២៦) នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦​នេះ ។

ក្នុងនោះសម្តេចធិបតី បានរំលេចអំពី គោលការណ៍ថ្មីដែលសម្តេចទើបចុះហត្ថលេខា ឯកភាពជាគោលការណ៍តែម្តង នូវការពិនិត្យលើកការបំពុលបរិស្ថាន ចំពោះក្រុមហ៊ុន និងរោងចក្រមួយចំនួន​ ដែលស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ដោយពុំចាំបាច់ត្រូវធ្វើនីតិវិធីបន្ថែមជាមួយក្រសួងបរិស្ថាន ដោយផ្តល់ឱ្យតំបន់សេដ្ឋកិច្ចពិសេសជាអ្នកធានា និងទទួលខុសត្រូវតែម្តង ។

ការកាត់បន្ថយការធ្វើនីតិវិធីរបស់ក្រសួងបរិស្ថានបែបនេះ ត្រូវបានសម្តេចធិបតី យល់ឃើញថា ជួយកាត់បន្ថយការងាររបស់មន្ត្រីបរិស្ថានមួយចំនួន ហើយជួយកាត់បន្ថយពេលវេលា និងថវិកាផងដែរ ។

សម្តេចធិបតី បានបកស្រាយថា ក្នុងតំបន់សេដ្ឋកិច្ចពិសេសនីមួយៗ មុននឹងឱ្យអាជ្ញាបណ្ណបើក គឺត្រូវបានគោរពតាម មាន Master Plan ឬមួយប្លង់មេ ដែលបញ្ជាក់ពីការគ្រប់គ្រងបរិស្ថាន គឺដូចរឿងកាក់សំណល់ជាតិពុលរួចទៅហើយ ។ ដូចនេះ ប្រសិនបើក្រុមហ៊ុនមួយចូលទៅក្នុងតំបន់សេដ្ឋកិច្ចទាំងនោះ ​ត្រូវសុំ EIA (An Environmental Impact Assessment) មួយទៀត នាំឱ្យពីរត្រួត ដែលចំណាយពេលហើយ ចំណាយថ្លៃទៅទៀត ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “ខ្ញុំបានឯកភាព ជាគោលការណ៍ហើយ សម្រាប់ក្រុមហ៊ុន ដែលចូលទៅក្នុង តំបន់សេដ្ឋកិច្ចមួយ ដែលច្បាស់លាស់ មាន Master Plan ដែលឆ្លងកាត់ មិនមែនតំបន់សេដ្ឋកិច្ចពិសេស​ មានតែឈ្មោះអត់អាជ្ញាបណ្ណទេ គឺតំបន់មួយនោះ ជាអ្នកធានារួចទៅហើយ ចឹងពេលដែលចូលទៅក្នុងនឹង ចំពោះប្រភេទរោងចក្រដែលមិនប៉ះពាល់ ហានិភ័យខ្ពស់ដល់បរិស្ថាន មិនបាច់ធ្វើ EIA ម្តងទៀតទេ ឱ្យតំបន់សេដ្ឋកិច្ចពិសេស ទទួលខុសត្រូវតែម្តងទៅ” ។

បន្ថែមលើនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ជឿជាក់ថា សម្រាប់ការធ្វើបែបនេះ បានជួយឱ្យក្រុមហ៊ុន ឬរោងចក្រទាំងនោះ មិនមានអារម្មណ៍ស្មុគស្មាញ ដោយលែងត្រួតគ្នា ហើយកាត់បន្ថយ ពេលវេលា​ កាត់បន្ថយចំណាយ ប៉ុន្តែនៅតែមានអ្នក ទទួលខុសត្រូវ គឺតំបន់សេដ្ឋកិច្ចពិសេសនេះ ចំណែកក្រសួងបរិស្ថាន មានសិទ្ធិទៅក្នុងការឆែកឆេគ្រប់ពេល៕

To Top