សម្តេចធិបតី ៖ អ្នកថារាជរដ្ឋាភិបាល អាណត្តិថ្មី មានតែទ្រឹស្តី អ្វីផ្សេងសូន្យនោះ សុទ្ធតែមិនមើល
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឆ្លើយតបទៅអ្នកស្រាវជ្រាវ និងអ្នកវិភាគមួយចំនួន ដែលចោទថា រាជរដ្ឋាភិបាល អាណត្តិថ្មី មានតែទ្រឹស្តី អ្វីផ្សេងសូន្យនោះ សុទ្ធតែមិនមើល ។
ការលើកឡើងរបស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ “រួមគ្នាកសាងភាពធន ដើម្បីការងារសមរម្យ” និងខួបអនុស្សាវរីយ៍ លើកទី៣០ នៃជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុន សម្រាប់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (១៩៩៦-២០២៦) នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦នេះ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការប្រែក្លាយទីតាំងយុទ្ធសាស្ត្រ ហើយចាប់យកសក្តានុពលធំ សម្រាប់ប្រទេសជាតិ គឺជាអ្វីដែលរាជរដ្ឋាភិបាល តាំងពីឆ្នាំ៩៦ ជាង៣០ឆ្នាំមកនេះ បានធ្វើនិងប្រែក្លាយ ហើយរាជរដ្ឋាភិបាល អាណត្តិនេះ និងអាណត្តិក្រោយៗ នៅតែបន្ត ព្រោះរាជរដ្ឋាភិបាល មានផែនការរហូតឆ្នាំ២០៥០ ក្នុងការអភិវឌ្ឍន៍កំពងផែស្វយ័តព្រះសីហនុ ។
សម្តេចធិបតី ការអភិវឌ្ឍដល់ឆ្នាំ២០៥០ នឹងអាចបម្រើរាប់សតវត្ស នៃការអភិវឌ្ឍប្រទេសជាតិ ជាពិសេសផ្នែកខាងដឹកជញ្ជូន និងភស្តុភាកម្ម នៅកម្ពុជាតែម្តង ដែនេះគឺជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ។
ក្នុងនោះសម្តេចធិបតី មានប្រសាសន៍ថា “ហើយខ្ញុំក៏ធ្លាប់លឺ គេសួរ ថាតើរដ្ឋាភិបាលថ្មី មានតែទ្រឹស្តី ប៉ុន្តែអ្វីផ្សេងសូន្យ រួចមិនព្រមមើល ហើយមានអ្នកវិភាគមួយនោះ គេថាមកពីរដ្ឋាភិបាល មិនព្រមបញ្ចេញ ធ្វើសង្ខេបឱ្យគេមើល ចាំសង្ខេបឱ្យទៀត លោកអើយ គេធ្វើរាល់តែថ្ងៃ គេសម្ពោធ មែនតែខ្ញុំសម្ពោធ គេធ្វើគ្រប់កន្លែងទាំងអស់ ក្រសួងស្ថាប័ន ដាក់ចេញនូវវិធានការថ្មីៗ ធ្វើជាអ្នកស្រាវជ្រាវ ស្រាវជ្រាវមើលទៅ ហើយសម័យឥឡូវ មិនមែនសម័យ កាលពីឆ្នាំ៩០ អត់មានអ៊ីធើណេតទេ អត់មាន Google អត់មាន Facebook ទេ ព័ត៌មានពេញ” ។
បន្ថែមលើនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ថ្លែងបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល បានដាក់ទិសដៅនិងបានធ្វើជាក់ស្តែង នៅក្នុងការជំរុញប្រទេសជាតិរីកចម្រើន ហើយក្នុងនោះវិស័យដឹកជញ្ជូន និងភស្តុភាកម្មនេះ គឺជាស្នូលមួយ សម្រាប់បម្រើឱ្យវិស័យផ្សេងៗទៀត៕
