សហជីពនៅកម្ពុជា ជួបជុំរៀបចំទិវា ពលកម្មអន្តរជាតិ ១ឧសភា បង្ហាញពីសុខដុមនីយកម្ម ក្នុងវិស័យការងារ
ភ្នំពេញ ៖ កម្មករនិយោជិត និងសហជីពនៅកម្ពុជា ប្រមាណជាង៣ពាន់នាក់ បានជួបជុំគ្នានៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ដែលជាការបង្ហាញ ពីសុខដុមនីយកម្មក្នុងវិស័យការងារ។

លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានបញ្ជាក់ថា ការរៀបចំអបអរសាទរ ទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ឧសភា គឺមានគោលបំណងរំលឹក និង លើកសរសើរចំពោះភាពអង្គអាចក្លាហាន និងការខិតខំប្រឹងប្រែងរបស់កម្មករនិយោជិត ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងធ្វើឲ្យពួកគេទទួលបានជីវភាពកាន់តែល្អប្រសើរ ការងារសមរម្យ និងស្ថិរភាពការងារបានយ៉ាងច្បាស់លាស់។
លោកបន្ថែមថា មិនតែប៉ុណ្ណោះ ការជួបជុំនេះសំខាន់ សម្រាប់កម្មករនិយោជិតក្នុងការរឹតចំណង មិត្តភាពរវាងសហជីព និងកម្មករនិយោជិត ជាពិសេសបានបង្ហាញថា កម្មករនិយោជិតបានអនុវត្តសិទ្ធិសេរីភាព យ៉ាងពេញលេញក្នុងប្រព័ន្ធការងារ ដែលជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល។
លោកបានថ្លែងថា «កម្មករនិយោជិត មានតួនាទីសំខាន់ក្នុងការជំរុញសេដ្ឋកិច្ច និងកែលម្អជីវភាពរស់នៅ តាមរយៈការងារសមរម្យ និងបរិយាកាសការងារ សុខដុមនីយកម្ម ខណៈដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់អនុវត្តសិទ្ធិសេរីភាព និងច្បាប់ការងារ បានយ៉ាងមានប្រសិទ្ធភាព ស្របតាមទិសដៅ សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ»។

ទន្ទឹមនេះលោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បានលើកឡើងថា ការអបអរសាទរ ទិវាពលកម្មអន្តរជាតិនេះ គឺបង្ហាញថាកម្ពុជាគឺជាប្រទេសមួយដែលកំពុងតែរីកចម្រើនទៅមុខផ្នែកវិស័យឧស្សាហកម្ម ផ្នែកវាយនភណ្ឌ ក៏ដូចជាវិស័យការងារ ដែលធ្វើឱ្យកម្មករនិយោជិតទូទាំងប្រទេស មានអារម្មណ៍សប្បាយរីករាយ។
លោកថ្លែងថា «កម្មវិធី១ឧសភា ដែលប្រព្រឹត្តិឡើងនេះ ក្នុងនាមសហជីពយើងចង់បង្ហាញថា កម្មករនិយោជិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានការសាទរជាខ្លាំងដោយសារតែរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លោកតែងគិតគូរសុខទុក្ខកម្មករជានិច្ច ជាពិសេសដំឡើងប្រាក់ឈ្នួលរាល់ឆ្នាំ និងអត្ថប្រយោជន៍ផ្សេងៗទៀត»។
លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ មើលឃើញថាឱកាសខួបអនុស្សាវរីយ៍នេះ គឺមិនអាចប្រព្រឹត្តិទៅបានឡើយបើគ្មានសន្តិភាព។ ទន្ទឹមនេះការជួបជុំក៏បានបង្ហាញថាសិទ្ធិសេរីភាពកម្មករនិយោជិតនៅកម្ពុជាមានភាពល្អប្រសើរឡើង ហើយកម្មវិធីនេះក៏ជួយបង្កើនការយល់ដឹង និងសន្ទនាសង្គម ដើម្បីដោះស្រាយវិវាទការងារដោយសន្ដិភាព និងមិនប្រើប្រាស់អំពើហិង្សា។
លោកថ្លែងថា« ការអបអរសាទរទិវា ១ ឧសភា នេះក៏បានបង្ហាញថា កម្ពុជាកំពុងតែអភិវឌ្ឍលើវិស័យការងារទៅតាមស្តង់ដារអន្តរជាតិ និងមានទិសដៅល្អប្រសើរ សម្រាប់គ្រប់វិស័យនៅកម្ពុជា»។
អ្នកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសហព័នធសហជីពកម្ពុជា(CATU) ថ្លែងថាការជួបជុំរបស់កម្មករនិយោជិត និងសហជីពក្នុងឱកាសនេះ បង្ហាញពីភាពសុខដុមនីយកម្មក្នុងវិស័យការងារ និងការអនុវត្តជាក់ស្តែង តាមរយៈការរួមបញ្ចូលគ្នារវាងភាគីពាក់ព័ន្ធនឹងកម្មករមកពីវិស័យផ្សេងៗគ្នាទាំងអស់ ដើម្បីលើកកម្ពស់សិទ្ធិ ស្វែងរកដំណោះស្រាយ និងផលប្រយោជន៍របស់កម្មករនិយោជិត។
លោកស្រីថ្លែងថា « ការជួបជុំអបអរសាទរទិវាពលកម្មអន្តរជាតិ គឺជាថ្ងៃសំខាន់មួយដែលកម្មករមានឱកាសបង្ហាញពីក្តីកង្វល់ តម្រូវការ ដំណោះស្រាយ ដែលអាចឲ្យរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធជួយដោះស្រាយទាន់ពេលវេលា»។
គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ នេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានចុះបញ្ជីការអង្គការវិជ្ជាជីវៈចំនួន ៦ ៥២០ ក្នុងនោះ សហភាពសហជីពចំនួន ៤៣, សហព័ន្ធសហជីពចំនួន ២៨៥, សហជីពមូលដ្ឋានចំនួន ៦ ០៥៩ និងសមាគមនិយោជកចំនួន ១៣៕
