DAP News
ព័ត៌មានជាតិ

រដ្ឋមន្ដ្រី ប៉េង ពោធិ៍នា ៖ ត្រីមាសទី១ បរិមាណទំនិញឆ្លងកាត់កំពង់ផែ ព្រះសីហនុ កើនឡើងយ៉ាងគំហុក គឺសម្រេចបានកំណើន៣៨%

ព្រះសីហនុ ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និង ដឹកជញ្ជូន បានលើកឡើងថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ បរិមាណទំនិញ ឆ្លងកាត់កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ កើនឡើងយ៉ាងគំហុក ពោលគឺសម្រេចបានកំណើន៣៨% ធៀបទៅនឹងរយៈ ពេលដូចគ្នាឆ្នាំ២០២៥។

ការលើកឡើងរបស់ លោករដ្ឋមន្ដ្រី ប៉េង ពោធិ៍នា នាឱកាសអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយមន្រ្តីរាជការ បុគ្គលិក កម្មករ និយោជិតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ នៅខេត្តព្រះសីហនុ។

លោក រដ្ឋមន្ដ្រី បន្ថែមថា តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗ រួមទាំងកិច្ចខិតខំប្រឹងប្រែងរបស់ ថ្នាក់ដឹកនាំ បុគ្គលិក កម្មករ និយោជិតកំពង់ផែ នៅក្នុងឆ្នាំ២០២៥ កន្លងទៅ កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់សរុបមានចំនួនជាង ១,៣៤ លានTEUs កើនឡើង ៣០,៥៧% និងចំណូលអាជីវកម្មសរុបប្រមាណជាង ១៥៥,៣៦លានដុល្លារអាម៉េរិក កើនឡើង ៣៥,៣០% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។

ជាមួយគ្នានេះ ចំនួននាវា ឆ្លងកាត់កំពង់ផែមានចំនួន ១៧៧៥គ្រឿង កើនឡើង ១៣,៣៥% ប៉ុន្តែចំណុះផ្ទុកនាវាមាន រហូតដល់ ២៦,១២លានតោន កើនឡើង ២៩,២៧% និងបរិមាណទំនិញឆ្លងកាត់មានចំនួន ១២,៣២លានតោន កើនឡើង ២៥,៧៨%។

លោក រដ្ឋមន្ដ្រី គូសបញ្ជាក់ថា «ដោយឡែក បើគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ នេះ បរិមាណទំនិញឆ្លងកាត់កំពង់ផែ មានការកើនឡើងយ៉ាងគំហុកពោល គឺសម្រេចបានកំណើន ៣៨% ធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥។ ជាមួយគ្នានេះ កំពង់ផែក៏បានគិតគូរអំពីវិធានការ ដោះស្រាយបន្ទាន់ថ្មីៗបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងកំណើនកុងតឺន័រសម្រាប់ឆ្នាំ២០២៦ ក្នុង ពេលដែលសមត្ថភាពផែនៅមានកម្រិតផងដែរ»៕

To Top