សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ៖ ឆ្មប អ្នកផ្តល់ការថែទាំសំខាន់ៗ ក្នុងពេលពរពោះ
ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មានប្រសាសន៍ថា ឆ្មប គឺជាស្នូលដ៏សំខាន់ ក្នុងការធានាសុវត្ថិភាពមាតា និងទារក ព្រោះជាអ្នកផ្តល់ការថែទាំសំខាន់ៗ ក្នុងពេលពរពោះ។

ការមានប្រសាសន៍បែបនេះ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាព រួមអគ្គលេខាធិការអង្គការ សហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារក្នុងឱកាសទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ២០២៦ ក្រោមប្រធានបទ ៖ ពិភពលោកត្រូវការឆ្មបបន្ថែម ១លាននាក់ ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មានប្រសាសន៍ថា ឆ្មបគឺជាអ្នកផ្តល់នូវការថែទាំសំខាន់ៗក្នុងពេលពរពោះ ក្នុងការជួយដល់ការសម្រាលដោយសុវត្ថិភាព និងធានាដល់ការថែទាំស្ត្រីជាមាតា និងទារកក្រោយសម្រាល។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិតមានប្រសាសន៍បន្ថែមថា ទន្ទឹមនឹងនេះ វិជ្ជាជីវៈឆ្មប គឺជាការងារដ៏ឧត្តុង្គឧត្តម និងជាការជួយសង្គ្រោះអាយុ ជីវិតមនុស្ស និងផ្តល់ក្តីសង្ឃឹមដល់គ្រួសារទាំងឡាយ និងជួយឱ្យកុមារម្នាក់ៗ ចាប់ផ្តើមជីវិតប្រកបដោយ សេចក្តីថ្លៃថ្នូរ និងការថែទាំងយ៉ាងហ្មត់ចត់។ អនាគតរបស់គ្រប់គ្នា គឺអាស្រ័យទៅលើសុខភាពទារក និងមាតា។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអំពាវនាវ ចំពោះស្ត្រីមានផ្ទៃពោះទាំងអស់ ទៅពិនិត្យសុខភាព ឱ្យបានទៀងទាត់ , ទៅសម្រាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលមានវេជ្ជបណ្ឌិត និងឆ្មបជំនាញ និងទៅទទួលសេវា ថែទាំក្រោយសម្រាលទាំងមាតា និងទារក។ ជាមួយគ្នានេះ សម្តេចក៏អំពាវនាវចំពោះបុរសជាស្វាមី, ក្រុមគ្រួសារ, សហគមន៍, ស្ថាប័នសាធារណៈ, ដៃគូអភិវឌ្ឍន៍នានា និងដៃគូពាក់ព័ន្ធទាំងអស់ បន្តជួយគាំទ្រដល់ស្ត្រីមាន ផ្ទៃពោះ ៕
