DAP News
ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យប្រុសស្រី ៥នាក់ទៅតុលាការ ពាក់ព័ន្ធករណី សញ្ចាកម្ម

ភ្នំពេញ៖ កម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ កាលពីវេលាម៉ោង១រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ បានបើកប្រតិបត្តិការចុះបង្ក្រាប ទីតាំងភោជនីយដ្ឋាន និងខារ៉ាអូខេ ១កន្លែង យីហោ “មហាមេឃ” ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០១១ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីបង្កប់អំពើសញ្ចាកម្ម (សម្រួលឲ្យមានអំពើពេស្យាចារ ព្រមទាំងទាញយកអត្ថប្រយោជន៍ហិរញ្ញវត្ថុ ពីអំពើពេស្យាចារ) ដោយបានឃាត់ខ្លួនមនុស្សសរុប ចំនួន៥៥នាក់ (ស្រី ៣៩នាក់ ប្រុស ១៦នាក់) ចាប់យកវត្ថុតាង ស្រោមអនាម័យមួយចំនួន បញ្ជូនទៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។

ក្រោមវិធានការជំនាញ របស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានរកឃើញថា ជនសង្ស័យចំនួន៥នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណី អូសទាញ បញ្ចុះបញ្ចូលនារីជាបុគ្គលិក ឲ្យប្រព្រឹត្តអំពើពេស្យាចារ ដើម្បីពួកខ្លួនទទួលបាន អត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុ ពីអំពើពេស្យាចាររបស់បុគ្គលិកនារីទាំងនោះ និងបានបញ្ជូន បុគ្គលិកនារីចំនួន ២៣នាក់ ដែលទទួលសេវាអង្គុយកំដរភ្ញៀវ ព្រមទាំងប្រព្រឹត្តអំពើពេស្យាចារ ឱ្យទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ដើម្បីរកសេវាផ្តល់នីតិសម្បទារ ជាបណ្តោះអាសន្ន៕

To Top