ព័ត៌មានជាតិ

រដ្ឋមន្ត្រីបរិស្ថាន ជំរុញរោងចក្រសហគ្រាស បង្កើនការគ្រប់គ្រងសំរាម សំណល់រឹងឱ្យបានត្រឹមត្រូវ

ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានណែនាំឱ្យបណ្តារៀងចក្រ សហគ្រាសនានាបន្តយុទ្ធនាការកាត់បន្ថយ កំណត់ទីតាំង និងញែកសំរាមសំណល់រឹង-ប្លាស្ទិក នៅតាមមូលដ្ឋាន ឱ្យបានត្រឹមត្រូវ ដើម្បីលើកកម្ពស់អនាម័យ សោភ័ណភាព និងសុខភាពសាធារណៈ ឆ្ពោះទៅរកកម្ពុជាស្អាត និងមានចីរភាព។

ការណែនាំនេះ ក្នុងឱកាសអញ្ជើញចុះពិនិត្យផលិតកម្មនិងកាអនុវត្តបទដ្ឋានបរិស្ថាន នៅរោងចក្រផលិតកាបូប D’Luxe International នៅភូមិ/សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦។

លោករដ្ឋមន្រ្តី បានលើកទឹកចិត្ត ដល់ក្រុមហ៊ុនរៀបចំការទុកដាក់សំរាម សំណល់រឹង ឲ្យបានកាន់តែល្អប្រសើរទៀត តាមរយៈចូលរួមសហការល្អ ជាមួយក្រុមហ៊ុនផ្តល់សេវា ជាមួយសមាគមអង្គការសង្គមស៊ីវិល ដែលធ្វើការលើផែ្នកសម្អាតបរិស្ថាន ដើម្បីប្រមូលសំរាម សំណល់រឹង ចេញពីរោងចក្រឲ្យបានទៀងទាត់ ទាន់ពេលវេលា ដើម្បីរក្សាភាពស្អាតនៅក្នុងរោងចក្រតែម្ដង។

ក្នុងឱកាសនេះដែរ លោករដ្ឋមន្រ្តី បានសំដែងការអបអរសាទរចំពោះរោងចក្រ ដែលបានអនុវត្តបទដ្ឋានបច្ចេកទេសបរិស្ថាន បានល្អ បង្កើតបរិយាកាសនៅកន្លែងធ្វើការល្អ មានផាសុកភាព ហើយបានអនុវត្តបទដ្ឋានគតិយុត្តទាំងឡាយរបស់កម្ពុជា ហើយកន្លងមកផលិតផលចេញពីកម្ពុជា មានស្តង់ដារអន្តរជាតិ។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តីបានមានប្រសាសន៍ អំពីកិច្ចសហប្រតិបត្តិការ រវាងក្រសួងបរិស្ថាននិងបណ្តារោងចក្រសហគ្រាស ដើម្បីធ្វើយ៉ាងណា បង្កើនភាពបៃតងនៅក្នុងរោងចក្រ តាមរយៈការពិចារណាប្រើប្រាស់ថាមពលកកើតឡើងវិញ ដូចជាការប្រើប្រាស់អុសផលិតចេញពីស្មៅយក្ស (King Grass) ដើម្បីធ្វើជាជីវម៉ាស់ (Biomass) ដែលអាចប្រើប្រាស់សម្រាប់ឡចំហុយផងដែរ។

លើសពីនេះ លោក រដ្ឋមន្ដ្រី ក៏បានលើកទឹកចិត្តឱ្យម្ចាស់ក្រុមហ៊ុន និងរោងចក្រ សហគ្រាស ប្រើប្រាស់អគ្គិសនី ដើរដោយថាពលពន្លឺព្រះអាទិត្យ (Solar) នៅលើដំបូល ដើម្បីជាការចូលរួមចំណែកកាត់បន្ថយការបញ្ចេញកាបូន ពីរោងចក្រ ក៏ដូចជាការចូលរួមចំណែក ជំរុញថាមពលបៃតងនៅកម្ពុជា៕

To Top