ព័ត៌មានជាតិ

ក្រសួងការងារ ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរងចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ភ្នំពេញ៖ កម្ពុជាមានឱកាសការងារ ប្រមាណជាង ៩ម៉ឺនកន្លែងនៅតាមបណ្តារាជធានី-ខេត្តទូទាំងប្រទេស កំពុងរង់ចាំបងប្អូនអតីតពលករ ត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមការផ្សព្វផ្សាយរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងពេលថ្មីៗនេះ។

តាមរយៈការផ្សព្វផ្សាយ ក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ មានឱកាសការងារចំនួន ៩១,៩៦៣ កន្លែងនៅតាមណ្ដារាជធានី-ខេត្តនៅទូទាំងប្រទេស កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះ ស្ថិតនៅក្នុងវិស័យសំខាន់ៗ ដូចជា៖ វិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យសេវាកម្ម។

ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែងរកលេខទំនាក់ទំនង ឈ្មោះរោងចក្រ និងវិស័យដែលខ្លួនពេញចិត្តបានតាមរយៈខិត្តប័ណ្ណការងាររបស់ក្រសួងដែលបានផ្សព្វផ្សាយយ៉ាងលម្អិត។

ជាមួយគ្នានេះ ក្រៅពីទំនាក់ទំនងផ្ទាល់ជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាស អ្នកស្វែងរកការងារទាំងអស់ ជាពិសេសបងប្អូនអតីតពលករ ក៏អាចទាក់ទងមកប្រព័ន្ធទំនាក់ទំនងបន្ទាន់ ១២៩៧ ដើម្បីឱ្យក្រសួងការងារជួយសម្របសម្រួលស្វែងរកការងារជូនផងដែរ។ នេះបើតាមក្រសួងការងារដដែល៕

To Top