រដ្ឋមន្ដ្រីមហាផ្ទៃ ៖ ករណីពលរដ្ឋខ្មែរ ជួលរថយន្តឱ្យជនបរទេស ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនពាក់ព័ន្ធ Scam Online ត្រូវប្រគល់រថយន្តនោះ ឱ្យម្ចាស់ដើមវិញ
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងករណីប្រជាពលរដ្ឋខ្មែរ ជួលរថយន្តឱ្យជនបរទេស ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធបទល្មើស Scam Online ត្រូវប្រគល់រថយន្តនោះ ឱ្យម្ចាស់ដើមវិញ។
នេះបើតាមការលើកឡើងរបស់ លោក រ៉េន រតនៈ អ្នកនាំពាក្យ ឧបនាយករដ្ឋមន្ដ្រី ស សុខា តាមរយៈបណ្ដាញ សង្គមហ្វេសប៊ុក នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦។
អ្នកនាំពាក្យ ថា «សូមគោរពជូនជ្រាប ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ម្សិលមិញនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំក្រុមប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទាំងអស់ ក្នុងករណីប្រជាពលរដ្ឋខ្មែរ បានជួលរថយន្តឱ្យជនបរទេស ហើយជនបរទេសត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធបទល្មើស ដោយមានទាំងរថយន្តជួលនោះផង គឺសមត្ថកិច្ចយើងត្រូវរៀបចំបែបបទប្រគល់រថយន្តនោះ ឱ្យទៅម្ចាស់រថយន្តវិញ ក្នុងករណីមានឯកសារជួល និងឯកសារកម្មសិទ្ធិរថយន្តច្បាស់លាស់ ស្របតាមច្បាប់»។
លើសពីនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ដែរថា ដាច់ខាត មិនត្រូវឱ្យមានការគាបសង្កត់ទាមទារប្រាក់ជាថ្នូរនឹងការបំពេញបែបបទប្រគល់រថយន្តជូនទៅប្រជាពលរដ្ឋដែលជាម្ចាស់រថយន្ត៕
