ព័ត៌មានជាតិ

សមត្ថកិច្ច ចាប់ខ្លួនជន បរទេសជាច្រើននាក់ បន្ទាប់ពីរត់គេច ពីការបង្ក្រាបបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ ៖ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦នេះ បានបន្ដប្រតិបត្តិការបង្ក្រាប ទីតាំងសំងំលាក់ខ្លួនរបស់ជនបរទេស ដែលរត់គេចពីការបង្ក្រាបបទ ល្មើសលបលួចប្រព្រឹត្តិបទល្មើសឆបោកតាមបច្ចេកវិទ្យា (Online Scams) នៅភូមិសាស្ដ្រជាយក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំដោយ ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ, ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ, ឧត្តមសេនីយ៍ឯក សៀង សេន អគ្គស្នងការរងនគរបាលជាតិ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។

សេចក្ដីរាយការណ៍ បានឲ្យដឹងថា ក្នុងរង្វង់ប្រតិបត្តិការនៅព្រឹកនេះ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះបង្ក្រាបនៅទីតាំងផ្ទះវីឡាចំនួន ២កន្លែង ក្នុងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយក្រសោបបានជនជាតិបរទេសជាច្រើនរយនាក់ និងដកហូតបានកាំភ្លើងខ្លី រថយន្ដ ព្រមទាំងសម្ភារមួយចំនួនទៀត៕

To Top