ព័ត៌មានជាតិ

លោក ហួត ហាក់ ៖ ការបរិច្ចាគឈាម មិនត្រឹមតែចែក​រំលែក តំណក់ឈាមទេ ប៉ុន្តែជាការចែករំលែក ក្តីស្រឡាញ់ ក្តីសង្ឃឹម និងជីវិត

ភ្នំពេញ៖ លោករដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងថា ការបរិច្ចាគឈាម មិនត្រឹមតែជាការចែករំលែក តំណក់ឈាមប៉ុណ្ណោះទេ ប៉ុន្តែជាការចែករំលែកក្តីស្រឡាញ់ ក្តីសង្ឃឹម និងជីវិតទៅកាន់អ្នកដែលកំពុងត្រូវការជំនួយ ពោលគឺមហាគ្រួសារវិស័យទេសចរណ៍ តែងតែរួមគ្នាធ្វើអំពើល្អ និងបន្តផ្សព្វផ្សាយស្មារតីមនុស្សធម៌ ក្នុងសង្គមកម្ពុជា ។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រីនាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីបរិច្ចាគឈាម របស់ក្រសួងទេសចរណ៍ ក្រោមប្រធានបទ «ចូលរួមបរិច្ចាគឈាម ជាមួយមហាគ្រួសារវិស័យទេសចរណ៍ក្នុងរដូវកាលបៃតង» ដែលរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងទេសចរណ៍ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីចូលរួមអបអរសាទរខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ និងខួបលើកទី៧១ ឆ្នាំកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។

ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានលើកឡើងថា ការបរិច្ចាគឈាម គឺជាសកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លា ដែលបានបង្ហាញពីស្មារតីចែករំលែក ក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ចំពោះសង្គម ជាពិសេសការចូលរួម ជួយសង្គ្រោះអាយុជីវិតអ្នកជំងឺ ដែលកំពុងត្រូវការឈាមជាបន្ទាន់។

លោករដ្ឋមន្ត្រី បានបន្តថា វិស័យទេសចរណ៍ មិនត្រឹមតែដើរតួនាទីជាកម្លាំងជំរុញសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវិស័យដែលរួមចំណែកយ៉ាងសកម្ម ក្នុងកិច្ចការសង្គម និងមនុស្សធម៌ ស្របតាមទិសស្លោក របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា «ទេសចរណ៍ដើម្បីទាំងអស់គ្នា, ទាំងអស់គ្នាដើម្បីទេសចរណ៍»។

ពិសេសជាងនេះ កម្មវិធីបរិច្ចាគឈាម ក៏បានឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព ភាតរភាព និងការចូលរួមរបស់មហាគ្រួសារវិស័យទេសចរណ៍ ក្នុងការរួមចំណែក ជាមួយរាជរដ្ឋាភិបាល និងកាកបាទក្រហមកម្ពុជា ដើម្បីលើកកម្ពស់ការងារមនុស្សធម៌ និងបន្តផ្សព្វផ្សាយសារ នៃក្តីស្រឡាញ់ ការចែករំលែក និងសន្តិភាពក្នុងសង្គមកម្ពុជាផងដែរ៕

To Top