ប្រធានរដ្ឋសភា ៖ កម្ពុជា-ឡាវ នៅមានសក្តានុពលជាច្រើនទៀត ដើម្បីលើកកម្ពស់ជីវភាព ពលរដ្ឋទាំងសងខាង
ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានឱ្យដឹងថា កម្ពុជា-ឡាវ នៅមានសក្តានុពលជាច្រើនទៀត ដើម្បីធ្វើយ៉ាងណារួមគ្នាលើកកម្ពស់ជីវភាពពលរដ្ឋទាំងសងខាង។
នាឱកាសទទួលជួបពិភាក្សាការងារជាមួយ លោក សនសៃ វ៉ានណាសៃ (Sonexay VANNAXAY) ឯកអគ្គរដ្ឋទូតឡាវ ប្រចាំកម្ពុជា នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា សម្តេច ឃួន សុដារី បានលើកឡើងថា ចំណងមិត្តភាពជាប្រពៃណីរវាងកម្ពុជា និងឡាវ បានបង្កលក្ខណៈអំណោយ ផលយ៉ាងខ្លាំង ដល់ការអភិវឌ្ឍជូនប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។
សម្តេច ថា «កម្ពុជា និងឡាវ នៅមានសក្តានុពលជាច្រើនទៀត ទាំងវិស័យទេសចរណ៍ វប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម ដើម្បីធ្វើយ៉ាងណាលើកកម្ពស់ ជីវភាពពលរដ្ឋទាំងសងខាង ដូចជា វិស័យទេសចរណ៍ ដែលថ្នាក់ដឹកនាំប្រទេសទាំងពីរ បានលើកឡើងពីការបើកច្រករបៀងវប្បធម៌ រវាងវត្តភូ និងអង្គរវត្ត ជាដើម»។
លោក សនសៃ វ៉ានណាសៃ បានវាយតម្លៃ និងកោតសរសើរយ៉ាងក្រៃលែង ចំពោះការរីកចម្រើនរបស់កម្ពុជា យ៉ាងឆាប់រហ័សលើគ្រប់វិស័យ ក្នុងនោះរួមមាន អាកាសយានដ្ឋានអន្តរជាតិតេជោ ហេដ្ឋារចនាសម្ព័ន្ធសង្គម សំណង់អគាររដ្ឋ ឯកជន និងគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ជាដើម៕
