នគរបាលព្រហ្មទណ្ឌកម្រិតស្រាល ឃាត់ខ្លួនក្មេងទំនើង ៤នាក់ ក្រោយជិះម៉ូតូបង្កភាព អនាធិបតេយ្យពេញក្រុង
ភ្នំពេញ៖ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានបើកការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួន ក្មេងទំនើងមួយក្រុម មានគ្នា ៤នាក់ ជាបន្តបន្ទាប់ ក្រោយពីពួកគេបានធ្វើ សកម្មភាពជិះម៉ូតូបំពានច្បាប់ និងបង្កភាពអនាធិបតេយ្យយ៉ាងខ្លាំងនៅតាមដងផ្លូវសាធារណៈ ដែលធ្វើឱ្យប៉ះពាល់ ដល់សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។

យោងតាមរបាយការណ៍ ពីការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឱ្យដឹងថា កិច្ចប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង ០៣:៣០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចស្ពានជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
ការឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយ និងរិះគន់យ៉ាងខ្លាំងនៅលើបណ្តាញសង្គម ពាក់ព័ន្ធនឹងសកម្មភាពក្មេងទំនើងទាំង ៤នាក់ (ក្នុងនោះមាន ៣នាក់ ជាប្រុសតែបានក្លែងខ្លួនជាស្រី) ដែលបានជិះម៉ូតូ ២គ្រឿង បង្កភាពអនាធិបតេយ្យនៅចំណុចស្ពានអាកាសផ្សារដីហុយ កាលពីយប់ថ្ងៃទី០៥ ខែឧសភា កន្លងទៅ។
យុវជនដែលត្រូវបានឃាត់ខ្លួនទាំង ៤នាក់ រួមមាន៖
១. ឈ្មោះ សឹម ច័ន្ទរតន៍ ភេទប្រុស កើតឆ្នាំ២០០៨
២. ឈ្មោះ ថន ច័ន្ទដារ៉ា ភេទប្រុស កើតឆ្នាំ២០០៨
៣. ឈ្មោះ កឹម គន្ធី ភេទស្រី កើតឆ្នាំ២០០៨
៤. ឈ្មោះ ជា មករា ភេទប្រុស កើតឆ្នាំ២០០៨


បច្ចុប្បន្ន ជនសង្ស័យទាំង ៤នាក់ ត្រូវបានបញ្ជូនទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់។
អាជ្ញាធរមានសមត្ថកិច្ច ក៏បានអំពាវនាវដល់យុវជនដទៃទៀត សូមកុំយកតម្រាប់តាមសកម្មភាពដែលខុសច្បាប់ និងបង្កភាពអសន្តិសុខដល់អ្នកដទៃ ដែលអាចនាំឱ្យមានការទទួលខុសត្រូវចំពោះមុខច្បាប់ដូចករណីខាងលើនេះ៕
