ព័ត៌មានជាតិ

ប្រមុខការទូតកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសអាស៊ាន នៅកោះសេប៊ូ

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) នៅកោះសេប៊ូ ប្រទេសហ្វីលីពីន។

ខណៈកំពុងអបអរសាទរខួប៥០ឆ្នាំ នៃសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) កម្ពុជាបញ្ជាក់ជាថ្មីនូវសារៈសំខាន់នៃសន្ធិសញ្ញានេះ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព ក្នុងតំបន់ កិច្ចសន្ទនាដោយសន្តិវិធី និង កិច្ចសហប្រតិបត្តិការរួមគ្នា ជាពិសេសក្នុងបរិបទភូមិសាស្ត្រ នយោបាយដែលកាន់តែស្មុគស្មាញ និងមិនអាចប៉ាន់ស្មានបាន។

ក្នុងស្មារតីសាមគ្គីភាពអាស៊ាន កម្ពុជាបន្តត្រៀមខ្លួន ក្នុងការជួយកសាងសមត្ថភាព និងជំនួយបច្ចេកទេសដល់ទីម័រឡេស្តេ ដើម្បីធានានូវភាពជោគជ័យក្នុងកិច្ចខិតខំប្រឹង ប្រែងរបស់ខ្លួន ចំពោះការចូលជាភាគី នៃលិខិតុបករណ៍ គតិយុត្តនានានៅក្រោមសសរស្តម្ភទាំងបីរបស់អាស៊ាន ៕

To Top