ព័ត៌មានជាតិ

លោក ស៊ុន ចាន់ថុល ជំរុញគ្រប់ភាគី បន្តធ្វើឌីជីថលូប នីយកម្ម ក្នុងប្រព័ន្ធដឹកជញ្ជូន និងសម្រួល បែបបទឆ្លងកាត់ព្រំដែន ឱ្យកាន់តែរហ័ស

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុម ប្រឹក្សាជាតិភស្តុភារកម្ម បានជំរុញគ្រប់ភាគីបន្តខិតខំប្រឹងប្រែងធ្វើឌីជីថលូបនីយកម្មក្នុងប្រព័ន្ធដឹកជញ្ជូន និងការសម្រួលបែបបទឆ្លងកាត់ព្រំដែន ឱ្យកាន់តែមានភាពរហ័ស និងតម្លាភាព។

ការលើកឡើងរបស់ លោក ស៊ុន ចាន់ថុល ធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី សន្ទស្សន៍ប្រតិបត្តិការភស្ភុភារកម្មថ្មី (Logistics Performance Index – LPI 2.0) និងវិធីសាស្ត្រគណនាដោយធនាគារពិភពលោក នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦។

សិក្ខាសាលានេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងពង្រឹងការយល់ដឹង ដល់តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ សមាគមដឹកជញ្ជូន និងផ្នែកឯកជន អំពីការផ្លាស់ប្តូរ វិធីសាស្ត្រវាយតម្លៃរបស់ធនាគារពិភពលោក ដែលប្តូរពីការផ្អែកលើការស្ទង់មតិបែបមតិយោបល់ (Survey-based) មកជាការប្រើប្រាស់ទិន្នន័យជាក់ស្តែង (Key Performance Indicators – KPIs) ដើម្បីវាស់វែងប្រសិទ្ធភាពភស្ភុភារកម្មរបស់ប្រទេសនីមួយៗ។ ជាមួយគ្នានោះមន្ត្រីជាន់ខ្ពស់នៃធនាគារពិភពលោក ក៏បានធ្វើបទបង្ហាញសំខាន់ៗ ចំនួន៣ ទៅកាន់អង្គពិធីរួមមាន៖ (១)សូចនាករប្រតិបត្តិការភស្តុភារកម្មថ្មី និងវិធីសាស្រ្តគណនា, (២)ប៉ាណូឡិកាភស្តុភារកម្ម, និង (៣)មជ្ឈមណ្ឌលព័ត៌មានភស្តុភារកម្មជាតិ។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វិស័យភស្ភុភារកម្ម គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ និងជាកត្តាកំណត់ សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងការទាក់ទាញ ការវិនិយោគផ្ទាល់ពីបរទេស (FDI)។ ការយល់ដឹងច្បាស់អំពីសន្ទស្សន៍ LPI 2.0 នឹងជួយឱ្យកម្ពុជា អាចកំណត់ បាននូវចំណុចខ្វះខាត និងដាក់ចេញនូវវិធានការ កែទម្រង់ចំគោលដៅ ដើម្បីកាត់បន្ថយចំណាយភស្ភុភារកម្ម និងបង្កើនប្រសិទ្ធភាពច្រវាក់ផ្គត់ផ្គង់។

បន្ថែមពីនេះ ឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ បន្តខិតខំប្រឹងប្រែងធ្វើឌីជីថលូបនីយកម្មក្នុងប្រព័ន្ធដឹកជញ្ជូន និងការសម្រួលបែបបទឆ្លងកាត់ព្រំដែនឱ្យកាន់តែមានភាពរហ័ស និងតម្លាភាពស្របតាមស្តង់ដារអន្តរជាតិ៕

To Top