សាស្រ្តាចារ្យ ឈាង រ៉ា ៖ ការលាងដៃ គឺជាសុវជីធម៌ និងចាត់ទុកជាអំពើសប្បុរស
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកសាស្រ្តាចារ្យ ឈាង រ៉ា បញ្ជាក់ថា ការលាងដៃគឺជាសុវជីធម៌ សេចក្តីថ្លៃថ្នូរ ទំនុកចិត្ត សេចក្តីស្មោះត្រង់ ដោយមនុស្សល្អចាត់ ទុកការលាងដៃ គឺជាអំពើសប្បុរស។

ក្នុងពិធីអបអរសាទរខួបលើកទី១៨ ទិវាអនាម័យដៃពិភពលោក ៥ ឧសភា ២០២៦ ក្រោមប្រធានបទ៖ «ការសង្គ្រោះជីវិត តាមរយៈការធ្វើអនាម័យដៃ» នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ សាស្រ្តាចារ្យ ឈាង រ៉ា ថ្លែងថា ការរៀបចំទិវានេះឡើង ជាការឆ្លើយតបយ៉ាងសកម្មទៅ នឹងបញ្ហាប្រឈមនៃរលកនៃការចម្លងរោគ នៅក្នុងមន្ទីរពេទ្យ និងការកើនឡើងនៃភាពធន់ នឹងឱសថប្រឆាំងមេរោគ (AMR) ដែលជាបញ្ហាសុខភាពសាធារណៈសកល។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំ និងគូសរំលឹកដល់ក្រុមគ្រូពេទ្យ គិលានុបដ្ឋាក អ្នកអនាម័យ ទាំងអ្នកជំងឺ អ្នកថែទាំអ្នកជំងឺ ក្រុមគ្រួសារអ្នកជំងឺ ត្រូវលាងដៃ ដើម្បីការពារ និងកាត់ផ្តាច់ការចម្លងរោគនៅក្នុងមន្ទីរពេទ្យ។ បន្ថែមពីនេះ សាស្រ្តាចារ្យ បានលើកឡើងពីសារៈសំខាន់នៃការលាងដៃថា គឺជាសុវជីធម៌ , ដៃស្អាតជាសេចក្តីថ្លៃថ្នូ , ដៃស្អាតជាទំនុកចិត្ត , អនាម័យដៃជាសេចក្តីស្មោះត្រង់ , មនុស្សល្អដៃស្អាតមានអនាម័យ និងដៃមិនស្អាតកុំប៉ះពាល់កុំនាំឱ្យមានការឆ្លងរោគ ហើយចាត់ទុកការលាងដៃគឺជាការចាំបាច់ដែលជាអំពើសប្បុរស។

សាស្រ្តាចារ្យរដ្ឋមន្រ្តីលើកឡើងទៀតថា អនាម័យដៃមិនមែនគ្រាន់តែជាកិច្ចការបច្ចេកទេសសុខាភិបាលប៉ុណ្ណោះទេ តែជាសសរស្តម្ភដ៏សំខាន់ ក្នុងការសម្រេចឱ្យបាននូវការគ្របដណ្តប់សុខភាពជាសកល (UHC) និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។
នាឱកាសនោះ សាស្រ្តាចារ្យរដ្ឋមន្រ្តីផ្តល់អនុសាសន៍ជាយុទ្ធសាស្ត្រគន្លឹះ ត្រូវបញ្ចូលសូចនាករអនាម័យដៃ ទៅក្នុងផែនការសកម្មភាពជាតិ ស្តីពីការបង្ការ និងគ្រប់គ្រងការឆ្លងមេរោគ និងផែនការយុទ្ធសាស្ត្រសុខាភិបាល។ ត្រូវបង្កើតឱ្យមានប្រព័ន្ធតាមដានការអនុវត្តអនាម័យដៃ និងការផ្តល់មតិត្រឡប់ នៅគ្រប់មន្ទីរពេទ្យបង្អែកទាំងអស់ ដើម្បីវាស់វែងវឌ្ឍនភាព និងបញ្ហាប្រឈម។

សាស្រ្តាចារ្យរដ្ឋមន្រ្តីសង្កត់ធ្ងន់ថា ការធ្វើអនាម័យដៃ ដើម្បីសង្រ្គោះជីវិត ហើយអាចបង្ការការពារការឆ្លងមេរោគក្នុងមន្ទីរពេទ្យ ប្រសិនបើទាំងអស់គ្នា ធ្វើសកម្មភាព បានត្រឹមត្រូវ ។ ដូច្នេះ ត្រូវខិតខំបញ្ជ្រាបការងារនេះ ទៅក្នុងគ្រប់កម្រិត នៃសេវាថែទាំសុខភាព ដើម្បីកាត់បន្ថយការគំរាមកំហែង ពីការឆ្លងមេរោគ ដែលផ្សារភ្ជាប់នឹង ការថែទាំសុខភាព ដែលតែងតែបង្កទុក្ខវិបាកដល់អ្នកជំងឺ និងគ្រួសារ ៕







