អាជ្ញាធរខេត្តកណ្ដាល ស្នើក្រុមហ៊ុន Internet ចូលរួមជាមួយសមត្ថកិច្ច ដើម្បីទប់ស្កាត់ និងបង្ក្រាប Scame Online
កណ្ដាល ៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានស្នើបណ្តាក្រុមហ៊ុនផ្តល់សេវាកម្ម Internet ចូលរួមសហការជាមួយកងកម្លាំង និងអជ្ញាធរ មានសមត្ថកិច្ចខេត្ត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Scame Online)។

ក្នុងកិច្ចប្រជុំជាមួយក្រុមហ៊ុន បម្រើសេវាកម្មអ៊ីនធឺណិត ចំនួន ២៣ក្រុមហ៊ុន កំពុងប្រតិបត្តិការអាជីវកម្ម ក្នុងភូមិសាស្ត្រខេត្តកណ្ដាល នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ លោក អភិបាលខេត្ត បានថ្លែងថា «កិច្ចប្រជុំនេះ មានគោលបំណងសំខាន់ គឺស្នើសុំបណ្តាក្រុមហ៊ុនបម្រើសេវាកម្មអ៊ីនធឺណិតទាំងអស់ ធ្វើកិច្ចសហការឱ្យបានល្អ ជិតស្និទជាមួយកងកម្លំាង និង អជ្ញាធរមានសមត្ថកិច្ច ដើម្បីរួមគ្នាក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា Online ឱ្យអស់ពីក្នុងមូលដ្ឋានខេត្តកណ្តាល ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងស្មារតីជាតិខ្មែរ ហើយគណៈបញ្ជាការឯកភាពខេត្ត នឹងនៅតែបន្តខិតខំអនុវត្តវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងបំផុតមិនលើកលែង និងឥតឈប់ឈរ ចំពោះសកម្មភាពខុសច្បាប់ទាំងនេះ»។
លោក អភិបាលខេត្ត បានផ្តល់ណែនាំឱ្យក្រុមហ៊ុន ផ្តល់សេវា Internet ត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះការតភ្ជាប់បណ្តាញ ជូនអតិថិជន ដែលមានសញ្ញាសង្ស័យ ដូចជា ការតភ្ជាប់នៅ ពេលយប់ខុសប្រក្រតី ការតភ្ជាប់ដោយលាក់លៀម ដោយមិនបានជូនដំណឹងទៅក្រុមហ៊ុន ឬជំនាញដែលមានសមត្ថកិច្ច។
ជាពិសេស ករណីការប្រើប្រាស់អ៊ីនធឺណិតចាប់ពី 100Mbps (Megabits per second) ឡើងទៅ ក្រុមហ៊ុនត្រូវផ្តល់ព័ត៌មានឱ្យបានរហ័ស ជាក់លាក់ ត្រឹមត្រូវអំពីអត្តសញ្ញាណ និងទីតាំងស្នើសុំច្បាស់លាស់ មកកាន់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីតាមដាន និងត្រួតពិនិត្យ៕
