ព័ត៌មានជាតិ

ស្អែកនេះ ក្រសួងការងារនឹងនាំឱកាសការងារជាង ៩ម៉ឺនកន្លែង តាមរយៈវេទិកាការងារ ទៅខេត្តឧត្តរមានជ័យ

ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តឧត្តរមានជ័យ ដើម្បីផ្តល់ឱកាសការងារ អត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) និងវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ជាពិសេស អតីតពលករដែលត្រឡប់មកពីប្រទេសថៃនៅថ្ងៃទី៨ និងទី៩ ខែឧសភា ឆ្នាំ២០២៦នេះ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងថា វេទិកាការងារនេះនឹងរៀបចំនៅក្នុងបរិវេណសាលាស្រុកចុងកាល់ នៅថ្ងៃទី៨ និងនៅថ្ងៃទី៩ នៅក្នុងបរិវេណវេទិកាអុំទូក ស្ថិតក្នុងបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

អ្នកនាំពាក្យដដែលបានឱ្យដឹងថា ក្នុងវេទិកាការងារនេះ នឹងមានសហគ្រាស ក្រុមហ៊ុន និងរោងចក្រជាច្រើនចូលរួមផ្ដល់ឱកាសការងារជាង ៩ម៉ឺនកន្លែងជាមួយការសម្ភាសជ្រើសរើសបុគ្គលិកនៅកន្លែងផ្ទាល់។ ក្នុងនោះអ្នកចូលរួមទាំងអស់នឹងទទួលបានព័ត៌មានអំពីឱកាសការងារដ៏សម្បូរបែប វគ្គបណ្តុះបណ្តាលបច្ចេកទេស និងអត្ថប្រយោជន៍របស់បេឡាជាតិសន្តិសុខសង្គមផងដែរ។ បន្ថែមពីនេះ អ្នកចូលរួមនឹងទទួលបានអាហារ ភេសជ្ជៈ ការដឹកជញ្ជូនទៅចូលរួមវេទិកាដោយឥតគិតថ្លៃថែមទៀតផង។

ជាមួយគ្នានេះ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវសាជាថ្មីម្តងទៀត ទៅដល់អតីតពលករ ដែលមកពីប្រទេសថៃ និងប្រជាពលរដ្ឋនៅមូលដ្ឋានជាពិសេស ខេត្តជាប់ព្រំដែនដែលមានបំណងស្វែងរកការងារធ្វើ សូមទាក់ទងមកលេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារក្នុងស្រុកដែលមានប្រាក់ឈ្នួលប្រហាក់ប្រហែលគ្នា អត្ថប្រយោជន៍សង្គមច្រើនជាង សុវត្ថិភាព និងចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់ខ្លួន ៕

To Top