ព័ត៌មានជាតិ

AOT ហ្វីលីពីន សន្យាថា នឹងចុះពិនិត្យព្រំដែនកម្ពុជា-ថៃ មិនឱ្យភាគីណារំលោភ ទៅភាគីណាឡើយ

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងថា ប្រធានបេសកកម្ម នៃក្រុមសង្កេតការណ៍អាស៊ាន (AOT HOM) ហ្វីលីពីនប្រចាំកម្ពុជា បានសន្យាថា នឹងបំពេញការងារចុះពិនិត្យ និងសង្កេតការណ៍ព្រំដែនកម្ពុជា-ថៃ ក្រោយបទឈប់បាញ់ ដោយមិនឱ្យភាគី ណាមួយរំលោភទៅភាគីណាមួយទៀតឡើយ ។

ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ លោក ប៉ែន បូណា ថ្លែងថា ប្រធានបេសកកម្ម នៃក្រុមសង្កេតការណ៍អាស៊ានហ្វីលីពីន លោកឧត្តមនាវីត្រី គ្លេន ហ្ស៊ី ឌីហ្សុន បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំកម្ពុជា ដែលតែងសហការល្អជាមួយក្រុមសង្កេតការណ៍ក្នុងអំឡុងពេលបំពេញបេសកកម្ម ដោយបានជួយជ្រោមជ្រែងរៀបចំសម្របសម្រួលធ្វើឱ្យក្រុម (AOT) អនុវត្តការងារបានប្រសិទ្ធភាព សុវត្ថិភាព ប្រកបដោយបរិយាកាសល្អប្រសើរ។

លោកបន្តថា “ប្រធានបេសកកម្ម នៃក្រុមសង្កេតការណ៍អាស៊ានហ្វីលីពីន លោកឧត្តមនាវីត្រី GLENN Z DIZON បានសន្យាថា ក្នុងអាណត្តិបេសកកម្ម របស់លោក លោកនឹងបន្តខិតខំបំពេញការងារឱ្យសកម្ម និងប្រកបដោយអព្យាក្រឹត្យភាព ដោយមិនឱ្យមានភាគីណា រំលោភទៅលើភាគីណាឡើយ ជាពិសេសលោកនឹងបង្កើនថែមទៀតនូវការល្បាតនៅតំបន់ព្រំដែនដែលមានជម្លោះ” ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្ថែមថា ការអះអាងបែបនេះរបស់ប្រធានបេសកកម្មនៃក្រុមសង្កេតការណ៍អាស៊ានហ្វីលីពីន បានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម ជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ កាលពីរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦។

សូមបញ្ជាក់ថា ឧត្តមនាវីត្រី គ្លេន ហ្ស៊ី ឌីហ្សុន ប្រធានបេសកកម្ម នៃក្រុមអ្នកសង្កេតការណ៍អាស៊ានថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងនាយទាហានចំនួន៣រូបផ្សេងទៀត នៃកងទ័ពសាធារណរដ្ឋហ្វីលីពីន បានធ្វើដំណើរមកដល់កម្ពុជា កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីការផ្ទេរ-ប្រគល់ភារកិច្ច ដឹកនាំពីប្រទេសម៉ាឡេស៊ី មកកាន់ប្រទេសហ្វីលីពីន កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីន ៕

To Top