ព័ត៌មានជាតិ

សម្ដេចតេជោ រំលឹកអាជ្ញាធរខេត្តតាកែវ បង្កើនកិច្ចប្រតិបត្តិការបន្ថែមទៀត តាមព្រំដែនជាមួយប្រទេសវៀតណាម

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា បានក្រើនរំលឹកដល់អាជ្ញាធរខេត្តតាកែវ ត្រូវបង្កើនកិច្ចប្រតិបត្តិការបន្ថែមទៀត តាមព្រំដែនជាមួយប្រទេសវៀតណាម ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាជនប្រទេសទាំងពីរ។

ការក្រើនរំលឹករបស់ សម្តេចតេជោ ហ៊ុន សែន នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាព នានាជុំវិញខេត្តតាកែវ ចំនួន១,២១៥ នាក់ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ពិធីនេះបានប្រារព្ធឡើង នៅទីតាំងវិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនតាកែវ។

សម្តេចតេជោ ក៏បានរំលឹកឱ្យអាជ្ញាធរខេត្តតាកែវ ត្រូវបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត តាមព្រំដែនជាមួយប្រទេសវៀតណាម ដើម្បីបង្កលក្ខណៈងាយស្រួលដល់ទំនាក់ទំនងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ ។

សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តតាកែវទាំងអស់ ដែលបានរួមសហការគ្នា អភិវឌ្ឍខេត្តមួយនេះ ឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់ និងជូនពរឱ្យមន្ត្រីរាជការទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច។

នាឱកាសនោះ សម្តេចតេជោ ក៏បានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញ តួនាទីភារកិច្ចបម្រើជាតិ និង ប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់ និងសេវាតម្រូវការនានា ជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ជៀសវាងបង្កនូវបញ្ហានានា ដែលនាំឱ្យមានការថ្នាំងថ្នាក់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ៕

To Top