DAP News
ព័ត៌មានជាតិ

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ អនុញ្ញាតជូនឯកអគ្គរដ្ឋទូតសិង្ហបុរី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដោយថ្នាក់ដឹកនាំក្រសួង នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ បានអនុញ្ញាតជូន លោក Steven Pang Chee Wee ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំប្រទេសកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជាកិច្ចចាប់ផ្តើម លោករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ និងជម្រាបជូនលោកឯកអគ្គរដ្ឋទូតនិងប្រតិភូ អំពីការកសាង និងអភិវឌ្ឍប្រទេសក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងត្រឹមត្រូវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាសន្តិភាពនៃកម្ពុជា អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងក្រោមការដឹកនាំបន្តវេនប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។

លោករដ្ឋមន្ត្រី ក៏បានបន្តលើកឡើង អំពីសមិទ្ធផលនានា ដែលសម្រេចបាននាពេលកន្លងមក និងគោលដៅការងាររបស់ ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈការអនុវត្តនូវយុទ្ធសាស្ដ្រចំនួន៥ ដែលបានកំណត់ក្នុងគោលនយោបាយជាតិស្ដីពី ការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥ ដែលមានចក្ខុវិស័យ “កសាងសង្គមជនបទកម្ពុជា ឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព” ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានរំលេចអំពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយនិងសាធារណរដ្ឋសិង្ហបុរី តាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស ក្រោមអាហារូបករណ៍របស់សាធារណរដ្ឋសិង្ហបុរី ជូនដល់មន្ត្រីរាជការក្រសួងអភិវឌ្ឍន៍ជនបទ នាពេលកន្លងមក។

លោក Steven Pang Chee Wee បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោករដ្ឋមន្ត្រី ចំពោះការទទួលស្វាគមន៍រូបលោកនិងសហការី យ៉ាងកក់ក្តៅ និង បានសម្តែងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលទាំងឡាយ ដែលកើតចេញពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកឯកអគ្គរដ្ឋទូត បានសម្តែងការគាំទ្រ ចំពោះបេសកកម្ម របស់របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជួយឱ្យតំបន់ជនបទនៅកម្ពុជា មានការអភិវឌ្ឍកាន់តែឆាប់រហ័ស និងធានាបានកំណើនប្រាក់ចំណូលគ្រួសារប្រកបដោយចីរភាព។ ជាមួយគ្នានោះដែរ លោកឯកអគ្គរដ្ឋទូត ក៏បានលើកឡើងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាលសិង្ហបុរី និងរាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងមក ហើយលោកក៏បានបង្ហាញពីជំហរពង្រឹងកិច្ចសហប្រតិបត្តិការនេះ ឱ្យកាន់តែរឹងមាំបន្ថែមទៀតផងដែរ។

មុននឹងបញ្ចប់ លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះលោកឯកអគ្គរដ្ឋទូត និងសហការីក្នុងការប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីជំរុញការអភិវឌ្ឍនៅតំបន់ជនបទមានសន្ទុះកាន់តែលឿន និងប្រែក្លាយតំបន់ជនបទនៅកម្ពុជា ទៅជាសង្គមជនបទប្រកបដោយភាពស៊ីវីល័យ៕

To Top