រដ្ឋមន្រ្តីសុខាភិបាល លើកឡើងពីតម្រូវការបន្ថែម ជាមួយសិង្ហបុរី លើវិស័យសុខាភិបាល
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងពីតម្រូវការសហការបន្ថែម ជាមួយភាគីសិង្ហបុរី ក្នុងការពង្រឹងសមត្ថភាព មន្រ្តីលើវិស័យសុខាភិបាល ។

ក្នុងឱកាសទទួលជួបសម្តែង ការគួរសមជាមួយលោក Steven Pang Chee Wee ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសិង្ហបុរី ប្រចាំកម្ពុជា នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ សាស្ត្រាចារ្យ ឈាង រ៉ា គូសបញ្ជាក់ថា វិស័យសុខាភិបាលកម្ពុជា បាននិងកំពុងបន្តអភិវឌ្ឍន៍ ក្រោមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើការពង្រឹងសុខភាពសាធារណៈ ការបង្ការ និងគ្រប់គ្រងជំងឺឆ្លង និងជំងឺមិនឆ្លង ការលើកកម្ពស់សេវាសុខាភិបាលនៅមូលដ្ឋាន ក៏ដូចជាការអភិវឌ្ឍបរិវត្តិកម្ម សុខាភិបាលឌីជីថល និងការពង្រឹងធនធានមនុស្ស។

បន្ថែមពីនេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានលើកឡើងពីតម្រូវការសហការបន្ថែម ជា មួយភាគីសិង្ហបុរី ក្នុងការពង្រឹងសមត្ថភាពធនធានមនុស្ស តាមរយៈអាហារូបករណ៍ ការបណ្តុះបណ្តាលជំនាញបច្ចេកទេស ការស្រាវជ្រាវ និងការចែករំលែកបទពិសោធន៍ លើវិស័យសុខាភិបាល ដូចជា ការសង្គ្រោះបន្ទាន់ ជំងឺឆ្លង និងការគ្រប់គ្រងមន្ទីរពិសោធន៍ និងសុខាភិបាលឌីជីថល។

ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតសិង្ហបុរី បានកោតសរសើរ ចំពោះវឌ្ឍនភាពរបស់កម្ពុជាក្នុងវិស័យសុខាភិបាល និងបានបញ្ជាក់ពីការបន្តគាំទ្រ របស់រដ្ឋាភិបាលសិង្ហបុរី ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសលើការអភិវឌ្ឍធនធានមនុស្ស និងការចែករំលែកចំណេះដឹង និងបច្ចេកវិទ្យាសុខាភិបាល។

ក្នុងជំនួបនេះ ភាគីទាំងពីរបានតាំងចិត្តពង្រីកសមត្ថភាពបន្ថែម ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-សិង្ហបុរី ក្នុងវិស័យសុខាភិបាលឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពបន្ថែមទៀត ៕







