៤ខែ ក្រសួងមហាផ្ទៃ ផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនពលរដ្ឋខ្មែរជាង ១,២លាននាក់
ភ្នំពេញ ៖ រយៈពេល៤ខែ ដើមឆ្នាំ២០២៦ អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម បានសហការជាមួយ រដ្ឋបាលរាជធានី ខេត្ត ផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋខ្មែរជាង ១,២លាននាក់ ក្នុងនោះមានប្រជាពលរដ្ឋខ្មែរទើបវិលត្រលប់ពីប្រទេសថៃ ប្រមាណ ១៥ម៉ឺននាក់។
ដោយអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ស្តីពីការជំរុញផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រលប់ពីប្រទេសថៃ និងប្រជាពលរដ្ឋខ្មែរដែលពុំទាន់មានឯកសារគ្រប់គ្រាន់ ព្រមទាំងសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ ស្តីពីការចាត់តាំងក្រុមការងារដឹកនាំ គាំទ្រ តាមដាន និងជំរុញការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងៗទៀត របស់ក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានសហការជាមួយរដ្ឋបាលរាជធានី ខេត្ត បន្តពង្រឹង និងពន្លឿនការផ្តល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ដែលជាលទ្ធផលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ក្នុងការធានាសិទ្ធិ និងភាពស្របច្បាប់របស់ប្រជាពលរដ្ឋគ្រប់រូប។
ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានផ្តល់ឯកសារអត្តសញ្ញាណជូនប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រឡប់ពីប្រទេសថៃ រួមមាន៖ ការចុះបញ្ជីកំណើត បានចំនួន ១៦៥,១៦៩នាក់ ស្រី ៧៨,០៨៤នាក់, ការចុះបញ្ជីស្នាក់នៅ បានចំនួន ១៥២,៦៩៣នាក់ ស្រី ៦៧,៥៥៩នាក់។
ជាមួយគ្នានេះ លទ្ធផលនៃការផ្តល់ឯកសារអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋខ្មែរ បានសរុបចំនួន ១,២៩០,៣៦៩នាក់ ក្នុងនោះ ប្រជាពលរដ្ឋខ្មែរដែលវិលត្រលប់ពីថៃ ប្រមាណ ១៥ម៉ឹននាក់ ។
ដោយឡែក ចំពោះប្រជាពលរដ្ឋវិលត្រលប់ប្រទេសថៃ ស្នើសុំដែលពុំអាចកំណត់អត្តសញ្ញាណបាន និងត្រូវបានបដិសេធការចុះបញ្ជី មានចំនួនសរុប ១៣២នាក់ ក្នុងនោះស្រី ៤៩នាក់។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋដែលពុំទាន់មានឯកសារអត្តសញ្ញាណគ្រប់គ្រាន់ ឬមានបញ្ហាពាក់ព័ន្ធនឹងឯកសារអត្តសញ្ញាណ សូមអញ្ជើញមកស្នើសុំសេវានៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ដើម្បីទទួលបានការសម្របសម្រួល និងផ្តល់សេវាប្រកបដោយភាពងាយស្រួល ឆាប់រហ័ស និងមានតម្លាភាព៕
