ព័ត៌មានជាតិ

៣ខែ ក្រសួងមហាផ្ទៃ ទទួលបណ្ដឹង ពីពលរដ្ឋជាង៤០០ និងដោះស្រាយបានជាង៣០០

ភ្នំពេញ ៖ រយៈពេល៣ខែ នៃត្រីមាសទី១ ឆ្នាំ២០២៦ អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្ដឹង ចំនួន៤១៩បណ្ដឹង ក្នុងនោះមានបណ្តឹងស្ទួនចំនួន ២៣បណ្ដឹង និងបណ្តឹងគ្មានប្រភពចំនួន១០បណ្ដឹង។

បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៥ ចំនួនបណ្ដឹងសរុបបានកើនឡើង ១៨៤បណ្ដឹង ស្មើនឹង ៧៨%។ នេះបើតាមរបាយការណ៍អគ្គាធិការរដ្ឋាន ផ្តល់មកកាន់ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ។

បើតាមរបាយការណ៍ បណ្តឹងទាំងនោះ រួមមាន បណ្តឹងប្រជាពលរដ្ឋ ជាមួយនឹងប្រជាពលរដ្ឋ ប្រជាពលរដ្ឋជាមួយ នឹងមន្ត្រីរាជការ មន្ត្រីរាជការជា មួយនឹងមន្ត្រីរាជការ ប្រជាពលរដ្ឋប្ដឹងអង្គភាពចំណុះក្រសួងមហាផ្ទៃ និងបណ្ដឹងពាក់ព័ន្ធការអនុវត្ត តួនាទីភារកិច្ចរបស់មន្ត្រីរាជការ។ ចំនួននេះ បើគិតទាំងបណ្តឹងនៅសល់ផងនោះ អគ្គាធិការដ្ឋាន មានពាក្យបណ្ដឹងសរុបចំនួន ៦១០បណ្ដឹង។

បន្ទាប់ពីទទួលបានបណ្ដឹង និងដើម្បីមានមូលដ្ឋាន ក្នុងការដោះស្រាយ អគ្គាធិការដ្ឋានទទួលបានរបាយការណ៍ បំភ្លឺពីអង្គភាពពាក់ព័ន្ធចំនួន១៤៩របាយការណ៍ ។ ដើម្បីមានមូលដ្ឋានច្បាស់លាស់ក្នុងការដោះស្រាយ អគ្គាធិការដ្ឋាន បានពិនិត្យចាត់ចែងពាក្យបណ្ដឹង ក៏ដូចជារបាយការណ៍បំភ្លឺដែលទទួលបានពីអង្គភាពពាក់ព័ន្ធ (ក្នុងនោះមានចំនួន ១៤៩របាយការណ៍) អគ្គាធិការដ្ឋានបានរៀបចំសំណើ សុំគោលការណ៍ ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីចាត់ចែងពាក្យបណ្ដឹងចំនួន ២៩៥បណ្ដឹង និងរបាយការណ៍បំភ្លឺចំនួន ១២៩របាយការណ៍។

របាយការណ៍បានបញ្ជាក់ឱ្យដឹងទៀតថា ក្រោយទទួលបានការអនុញ្ញាតជាគោលការណ៍ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គាធិការដ្ឋាន បានចុះធ្វើអធិការកិច្ច និងអង្កេតស្រាវជ្រាវចំនួន ២៥បណ្ដឹង និងបានចុះតាមដានការអនុវត្តសេចក្ដីជូនដំណឹង របស់ក្រសួងមហាផ្ទៃចំនួន ៥គោលដៅ ស្មើនឹង ១៦ស.ជ.ណ៕

To Top