ក្រសួងសាធារណការ និងក្រុមហ៊ុនជប៉ុន ចុះកិច្ចសន្យា ផ្តល់សេវាប្រឹក្សាយោបល់ លើគម្រោងសាងសង់ ស្ពានកោះខ្សាច់ទន្លា ស្ថិតនៅស្រុកស្អាង
ភ្នំពេញ ៖ នៅថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២៦ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួង សាធារណការ និងដឹកជញ្ជូន អញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យា រវាងអង្គភាពគ្រប់គ្រងគម្រោង សាងសង់ស្ពានកោះខ្សាច់ទន្លា (KTB) ជាមួយនឹងសម្ព័ន្ធក្រុមហ៊ុន CHODAI Co., LTD (JAPAN) ដោយមានការចូលរួមពី តំណាងក្រុមហ៊ុន ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ក្រសួងពាក់ព័ន្ធ និងមន្រ្តីរាជការជាច្រើនរូប។

ពិធីនេះធ្វើឡើង ក្នុងគោលបំណង ដើម្បីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់សេវាប្រឹក្សាយោបល់ សម្រាប់ការសិក្សាសមិទ្ធិលទ្ធភាព (FS) ការរចនាប្លង់បច្ចេកទេសលម្អិត (DEDs) និងការត្រួតពិនិត្យការសាងសង់ (CS) រវាងក្រសួង សាធារណការ និងដឹកជញ្ជូន និងសម្ព័ន្ធក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេសដឹកនាំដោយ CHODAI CO., LTD (ប្រទេសជប៉ុន) សម្រាប់គម្រោងសាងសង់ស្ពានកោះខ្សាច់ទន្លា (KTB)។
គម្រោងសាងសង់ស្ពានកោះខ្សាច់ទន្លា មានប្រវែងប្រមាណ ២៨០ម៉ែត្រ និងសាងសង់ផ្លូវតភ្ជាប់ពី ក្បាលស្ពាន ប្រវែងប្រមាណ ២៧៦ម៉ែត្រ។

គម្រោងនេះមានសារៈសំខាន់ក្នុងការឆ្លងកាត់ទន្លេបាសាក់ ដើម្បីតភ្ជាប់កោះខ្សាច់ទន្លា ទៅកាន់ផ្លូវជាតិលេខ២១ សំដៅលើកកម្ពស់បណ្តាញដឹកជញ្ជូន និងភស្តុភារកម្មកសិកម្ម ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាពរបស់កម្ពុជា។
គម្រោងនេះនឹងតភ្ជាប់ បង្កើនជម្រើស នៃការប្រើប្រាស់ ប្រភេទមធ្យោបាយដឹកជញ្ជូនបានគ្រប់រដូវកាល ទាំងរដូវប្រាំង និងរដូវវស្សា ដែលជួយកាត់បន្ថយ ថ្លៃដឹកជញ្ជូន (ជាពិសេសការដឹកជញ្ជូន ផលិតផលកសិកម្មទៅកាន់ទីផ្សារ) ធ្វើឱ្យប្រសើរឡើងនូវ កំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍ ដោយរួមចំណែកដល់ការអភិវឌ្ឍកោះខ្សាច់ទន្លានេះ ឱ្យក្លាយជា មជ្ឈមណ្ឌលកសិកម្ម និងផលិតផលិតផលកសិកម្ម, និងផ្តល់នូវមធ្យោបាយដឹកជញ្ជូនដ៏មាន សុវត្ថិភាព និងសម្រួលដល់ការធ្វើដំណើរ របស់ប្រជាជនទៅនិងមក ពីកោះខ្សាច់ទន្លាទៅកាន់ទីក្រុង ភ្នំពេញ៕
