ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន អនុញ្ញាតជូន នាយកអង្គការភ្លែនអន្តរជាតិ ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ បានអនុញ្ញាតជូន លោក RAM Kishan នាយកអង្គការភ្លែនអន្តរជាតិប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជាកិច្ចចាប់ផ្តើម លោករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ចំពោះលោកនាយក និងសហការីដែលបានអញ្ជើញមកនាឱកាសនេះ ក៏ដូចជាសម្តែងការអបអរសាទរចំពោះលោក RAM Kishan ដែលទើបទទួលបានតួនាទីជានាយកអង្គការភ្លែនប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកផងដែរ។

លោករដ្ឋមន្ត្រី បានជម្រាបជូនប្រតិភូ អំពីការអភិវឌ្ឍប្រទេស ក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាសន្តិភាពនៃកម្ពុជា អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងក្រោមការដឹកនាំបន្តវេន ប្រកបដោយគតិបណ្ឌិត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការដាក់ចេញ នូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់ ។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី ក៏បានបន្តលើកឡើងអំពីសមិទ្ធផលនានាដែលសម្រេចបាននាពេលកន្លងមករបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមចក្ខុវិស័យ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព” ស្របតាមគោលនយោបាយជាតិស្ដីពី ការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ ដែលបានដាក់ចេញនូវកម្មវិធីអាទិភាពរបស់ខ្លួនចំនួន ៥ ផងដែរ។

លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់បន្ថែមផងដែរថា សមិទ្ធផលទាំងអស់នេះបានមកពីការចូលរួមចំណែករបស់ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលនានា ដែលក្នុងនោះក៏មានអង្គការ Plan International ផងដែរ ដែលជាដៃគូយ៉ាងជិតស្និត ក្នុងការអនុវត្តកម្មវិធីយុទ្ធសាស្ត្ររបស់ក្រសួង ពិសេសលើកម្មវិធីទី២ ដែលផ្តោតលើការងារទឹកស្អាត និងអនាម័យនៅជនបទ ដែលអាចជួយអោយក្រសួងសម្រេចបានតាមគោលដៅឆ្នាំ ២០៣០ ជនបទនៅកម្ពុជាទទួលបានអាត្រាគ្របដណ្ដប់ នៃទឹកស្អាត និងអនាំម័យកម្រិតមូលដ្ឋានមានអត្រា ១០០% ។ សូមបញ្ជាក់ថានៅក្នុងឆ្នាំ ២០២៥ កន្លងនៅនេះ កម្ពុជាត្រូវបានប្រកាសទទួលស្គាល់ជាប្រទេសបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។

បន្ទាប់ពីប្រសាសន៍ស្វាគមន៍របស់ លោករដ្ឋមន្ត្រី រួចមក លោកនាយកអង្គការភ្លែនប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍក្នុងសន្ទុះមួយដ៏លឿនរបស់កម្ពុជា។

លោកនាយកក៏បានសម្តែងការអបអរសាទរចំពោះសមិទ្ធផលនានា ដែលក្រសួងអាចសម្រេចបាននាពេលកន្លងមក។

លោកបានសម្តែងសេចក្តីរំភើប និងត្រេកអរ ចំពោះការលើកឡើងរបស់លោករដ្ឋមន្ត្រី ដែលបេសកកម្មរបស់អង្គការភ្លែនអន្តរជាតិស្របជាមួយនឹងផែនការយុទ្ធសាស្រ្តរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។

លោកបានសម្តែងការប្តេជ្ញាចិត្ត យ៉ាងមុតមាំក្នុងការ ចូលរួមសហការជាមួយក្រសួង អភិវឌ្ឍន៍ជនបទបន្តទៀត ដើម្បីសម្រេចបានផែនការយុទ្ធសាស្រ្តជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យ នៅជនបទ ឆ្នាំ ២០២៦-២០៣៣។

មុននឹងបញ្ចប់ លោករដ្ឋមន្ត្រី បានសម្តែងសេចក្ដីរីករាយ និងថ្លែងអំណរគុណចំពោះ លោកនាយក និងសហការី ដែលបានបង្ហាញអំពីការប្តេជ្ញាចិត្ត បន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ លោករដ្ឋមន្ត្រីក៏បានបង្ហាញ អំពីឆន្ទៈធ្វើអោយកិច្ចសហប្រតិបត្តិការនេះ សម្រេចបានជោគជ័យផងដែរ៕

To Top