ព័ត៌មានជាតិ

ជនជាតិចិន ១៦៥នាក់ទៀត ពាក់ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា

ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានជនជាតិចិន ១៦៥នាក់ទៀត ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍របស់ ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្ថានទូតចិន បន្តធ្វើការបណ្តេញជនជាតិចិនសរុបចំនួន ១៦៥នាក់ ស្រី ០៣នាក់ ពាក់ព័ន្ធករណីឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញ តាមរយៈយន្តហោះពិសេស តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។

សូមរំលឹកថា ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងការទទួលដឹកនាំតម្រង់ទិសយ៉ាងមុតមាំបំផុតរបស់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាដែលកើតមាននៅកម្ពុជា៕

To Top