ព័ត៌មានជាតិ

ក្រសួងអប់រំ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវកម្មវិធីផ្សាយផ្ទាល់ ការបង្រៀនបំប៉ន (Live Teaching) ឆ្នាំ២០២៦

ភ្នំពេញ៖ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «កម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន (Live Teaching) ឆ្នាំ២០២៦» នៅវិទ្យាល័យឥន្ទ្រទេវី។

លោក ឧបនាយករដ្ឋមន្ត្រី បានថ្លែងថា ការដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន (Live Teaching) នេះ គឺជាជំហានយុទ្ធសាស្ត្រថ្មីមួយក្នុងការធ្វើបរិវត្តកម្មឌីជីថលលើវិស័យអប់រំនៅកម្ពុជា ដើម្បីជួយកាត់បន្ថយគម្លាតគុណភាពអប់រំរវាងតំបន់ទីប្រជុំជន និងតំបន់ដាច់ស្រយាល តាមរយៈការផ្ដល់ឱកាសដល់សិស្សានុសិស្សឱ្យទទួលបាននូវចំណេះដឹង និងវិធីសាស្ត្របង្រៀន តាមស្ដង់ដាពីគ្រូឧទ្ទេសដែលមានបទពិសោធន៍ខ្ពស់ក្នុងពេលជាក់ស្ដែង ទោះបីជាស្ថិតនៅទីកន្លែងផ្សេងគ្នាក៏ដោយ។

ឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ ឱ្យក្រុមការងារចុះជួយសាលាឥន្ទ្រទេវី និងសាលារៀនគោលដៅ បន្តកិច្ចសហការជាមួយ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីពង្រីកវិសាលភាពនៃវិធីសាស្ត្របង្រៀនបែបថ្មីតាមស្ដង់ដាសាលារៀនជំនាន់ថ្មី (NGS)។ បន្ថែមពីនេះ ត្រូវជំរុញឱ្យមានការផលិតវីដេអូមេរៀនឱ្យបានទូលំទូលាយសម្រាប់គ្រូ និងគរុសិស្ស ព្រមទាំងរៀបចំកម្មវិធីបំប៉នបន្ថែមដល់សិស្សថ្នាក់ទី៩ ដល់ទី១១ នៅតាមសាលាគោលដៅ ដើម្បីធានាឱ្យបាននូវអត្រាសិស្សជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខ្ពស់ជាងមធ្យមភាគថ្នាក់ជាតិ។

លោក ឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡាទាំង ២៥ រាជធានី-ខេត្ត ឱ្យបន្តផ្សព្វផ្សាយ និងជំរុញដល់សិស្សានុសិស្សទូទាំងប្រទេសឱ្យបង្កើនការធ្វើស្វ័យសិក្សា និងទាញយកប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថល ដូចជាការរៀនតាមរយៈ Live Teaching និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីជាឧបករណ៍ជំនួយដ៏មានប្រសិទ្ធភាពក្នុងការរៀនសូត្រ និងពង្រឹងសមត្ថភាពភាសាបរទេសរបស់ខ្លួន។

ការរួមបញ្ចូលគ្នារវាងការខិតខំប្រឹងប្រែងរបស់សិស្ស ជាមួយនឹងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងការរៀនតាមបែប Live Teaching នឹងជួយត្រៀមលក្ខណៈឱ្យសិស្សានុសិស្សកម្ពុជាគ្រប់រូបមានសមត្ថភាពពេញលេញ ក្នុងការប្រកួតប្រជែងក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល និងចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍធនធានមនុស្សសម្រាប់អនាគតជាតិ៕

To Top