ព័ត៌មានជាតិ

នគរបាលខេត្តកណ្តាល បំបែកសំណុំរឿងចាប់ជំរិត សម្លាប់ក្មេងស្រីអាយុ ៥ឆ្នាំ នៅស្រុកស្អាង ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាពូសាច់ថ្លៃ

កណ្តាល ៖ ក្រុមកាងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចេញសេចក្តីប្រកាសព័ត៌មាន បំភ្លឺជុំវិញករណីឃាតកម្មដ៏រន្ធត់មួយ ដែលបង្កឡើងដោយការចាប់បង្ខាំង និងជំរិតទារប្រាក់ បណ្តាលឱ្យក្មេងស្រីរងគ្រោះម្នាក់ស្លាប់បាត់បង់ជីវិត នៅឃុំព្រែកអំបិល ស្រុកស្អាង ។

អនុវត្តតាមបទបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង គួច ចំរើន អភិបាលខេត្តកណ្តាល, លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំកម្លាំងជំនាញបើកការស្រាវជ្រាវយ៉ាងក្តៅគគុក រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ជាបន្តបន្ទាប់។

ជនសង្ស័យ៖ ឈ្មោះ គីម វណ្ណា ភេទប្រុស អាយុ ៣៥ឆ្នាំ (ត្រូវជាពូសាច់ថ្លៃរបស់ជនរងគ្រោះ) ទីលំនៅ៖ ភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។ លទ្ធផលតេស្តទឹកនោម៖ អវិជ្ជមាន (-) (គ្មានសារធាតុញៀន)។

ហេតុការណ៍ដ៏ខ្លោចផ្សានេះ បានកើតឡើងកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៣០នាទីព្រឹក នៅចំណុចផ្ទះរបស់ជនសង្ស័យតែម្តង។ ក្មេងស្រីរងគ្រោះមានឈ្មោះ រតនា ម៉េងស៊ីម អាយុ ០៥ឆ្នាំ មានទីលំនៅភូមិកំពង់សំណាញ់ទី១ ក្រុងតាខ្មៅ។

តាមការបញ្ជាក់ពីសមត្ថកិច្ច ជាទម្លាប់រៀងរាល់ថ្ងៃចុងសប្តាហ៍ ឪពុកម្តាយបាននាំក្មេងស្រីរងគ្រោះទៅលេងផ្ទះជីដូនជីតានៅស្រុកស្អាង ដែលមានទីតាំងស្ថិតនៅទល់មុខផ្ទះជនសង្ស័យ។ ឆ្លៀតឱកាសនោះ ជនសង្ស័យបានធ្វើសកម្មភាពចាប់បង្ខាំងក្មេងស្រីក្នុងគោលបំណងជំរិតទារប្រាក់ ប៉ុន្តែជាអកុសលបានបណ្តាលឱ្យក្មេងស្រីស្លាប់បាត់បង់ជីវិត។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពតែម្នាក់ឯងពិតប្រាកដមែន។ មូលហេតុដែលនាំឱ្យរូបគេដាច់ ចិត្តធ្វើបែបនេះគឺដោយសារ មានគំនុំចិត្ត ដែលម្តាយជនរងគ្រោះមើលងាយក្រុមគ្រួសារខ្លួន និងខឹងសម្បារនឹងម្តាយជនរងគ្រោះដែលមិនឱ្យខ្លួនខ្ចីប្រាក់។

សមត្ថកិច្ចដកហូតបានទូរសព្ទដៃចំនួន ០២គ្រឿង ម៉ាក Nokia ចុចពិល និង OPPO ពណ៌ខ្មៅ ដែលប្រើប្រាស់ក្នុងសកម្មភាព។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាល ចាត់ការទៅតាមច្បាប់ជាធរមាន។

ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក៏បានអំពាវនាវដល់សាធារណជនមេត្តាជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពកូនចៅតូចៗ ទោះបីជាស្ថិតក្នុងមជ្ឈដ្ឋានសាច់ញាតិជិតដិតក៏ដោយ ៕

ដោយ៖ សយ រិទ្ធី

To Top