កម្មវិធីTVET 1.5M របស់សម្ដេចធិបតី ៖ វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានបណ្ដុះបណ្ដាលយុវជន មកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ និងពលរដ្ឋជិត ៣ពាន់នាក់ឱ្យមានជំនាញ និងចំណូលសមរម្យ
ភ្នំពេញ ៖ វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ដ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់អាហារូបករណ៍ចំនួនជាង ៣ពាន់កន្លែងយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ និងពលរដ្ឋ គិតចាប់ពីឆ្នាំ ២០២៤មក ដោយផ្ដោតលើ ៩មុខជំនាញដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ រួមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M)។

បើតាមវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ដ(NIB) បានឱ្យដឹងថា គិតចាប់ពីឆ្នាំ ២០២៤មក វិទ្យាស្ថានបានផ្ដល់អាហារូបករណ៍ជូនសិស្សសរុប ២៩៨៧នាក់ ក្នុងនោះមានយុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យសរុបចំនួន ៤៥៥នាក់។ ក្នុងនោះមុខជំនាញដែលសិស្សចុះឈ្មោះចូលរៀនច្រើនជាងគេរួមមាន ការរចនាក្រាហ្វិកដោយកុំព្យូទ័រ សេវាកម្មរដ្ឋបាល និងសេវាកម្មកុំព្យូទ័រ។

ជាមួយគ្នានេះវិទ្យាស្ថាន NIB មានមុខជំនាញចំនួន ៩ រួមមាន ការរចនាក្រាហ្វិកដោយកុំព្យូទ័រ, សេវាកម្មកុំព្យូទ័រ, សេវាកម្មរដ្ឋបាល, សេវាកម្មអតិថិជន, សេវាកម្មធនធានមនុស្ស, ការដំឡើង និងថែទាំបណ្តាញកុំព្យូទ័រ, ការដំឡើង និងអនុវត្តន៍បច្ចេកវិទ្យាឌីជីថល, ការបង្កើតអាជីវកម្ម និងសហគ្រិនភាព និងសេវាលក់អនឡាញ។

សិស្សានុសិស្សអាចបន្តចុះឈ្មោះបាននៅទីតាំងសាលារៀងរាល់ម៉ោងធ្វើការ ឬចូលទៅក្នុងកម្មវិធី App TVET។ សម្រាប់ព័ត៌មានអំពីការចុះឈ្មោះចូលរៀន សូមទាក់ទងទៅកាន់ទូរសព្ទលេខ ០១២ ៧៥០ ៩៦៩/ ០១៦ ៦៧៧ ៣២៧/ ០៧១ ៨៨៧២ ៣៣៤/ ឬអញ្ជើញមកវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រដោយផ្ទាល់ ដែលមានទីតាំងស្ថិតនៅក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមាននជ័យ រាជធានីភ្នំពេញ៕



