ព័ត៌មានជាតិ

កម្ពុជា កំពុងធ្វើពិពិធកម្មកិច្ចប្រតិបត្តិការ ឱ្យកាន់តែទូលំទូលាយ ជាមួយបណ្តាប្រទេសនានា លើសកលលោក

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងប្រាប់តំណាងប្រធានាធិបតីអាស៊ែបៃហ្សង់ ថា កម្ពុជា កំពុងធ្វើពិពិធកម្មកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយ ជាមួយបណ្តាប្រទេសនានា លើសកលលោក។

ការថ្លែងប្រាប់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យ លោក Elchin Amirbayov តំណាងប្រធានាធិបតី នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ទទួលបន្ទុកកិច្ចការពិសេស និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦។

ក្នុងឱកាសនៃជំនួបនេះ លោក តំណាង ប្រធានាធិបតី បានឱ្យដឹងថា អាស៊ែបៃហ្សង់ កំពុងស្វែងរកកាលានុវត្តភាពថ្មីៗ បន្ថែមទៀត ដើម្បីជំរុញកិច្ច សហប្រតិបត្តិការលើវិស័យសក្តានុពលជាច្រើន ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ ទំនងរវាងវិស័យឯកជន និងឯកជន ជាពិសេសការពង្រីកសក្តានុពល នៃកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

ជាមួយគ្នានេះ លោក ក៏បាននាំយកនូវលិខិតអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតីអាស៊ែបៃហ្សង់ ជូនចំពោះសម្តេចធិបតី ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលនៃសន្និសីទស្តីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ដែលនឹងប្រព្រឹត្តទៅនៅប្រទេសអាស៊ែបៃហ្សង់ ក្នុងឆ្នាំ២០២៦ នេះ។

ជាការឆ្លើយតប សម្តេចធិបតី បានគូសបញ្ជាក់ថា ភាពរីកចម្រើននៃចំណងមិត្តភាពនេះ គឺជាកាលានុវត្តភាពដ៏សំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ។ ទន្ទឹមនឹងនេះ សម្តេច ក៏បានកត់សម្គាល់ថា ប្រទេសទាំងពីរនៅមានវិសាលភាពច្រើនទៀត ក្នុងការបង្កើនកិច្ចសហការលើវិស័យសក្តានុពលនានា ដើម្បីផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ជាតិ និងប្រជាជនប្រទេសទាំងពីរ ។ សម្តេចធិបតី បានសង្កត់ធ្ងន់ថា «កម្ពុជាកំពុងធ្វើពិពិធកម្មកិច្ច សហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយ ជាមួយបណ្តាប្រទេសនានាលើសកលលោក»។

សម្តេចធិបតី និងលោកតំណាង ប្រធានាធិបតី ក៏បានពិភាក្សាគ្នាអំពីការជំរុញពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យសំខាន់ៗ រួមមាន ៖ នយោបាយ, សេដ្ឋកិច្ច, ពាណិជ្ជកម្ម, ថាមពល, ទេសចរណ៍, វប្បធម៌, អប់រំ, កសិកម្ម, ព្រមទាំងបានពិភាក្សាលើការជំរុញទំនាក់ទំនងរវាងវិស័យឯកជន និងឯកជន ប្រទេសទាំងពីរ តាមរយៈការរៀបចំឱ្យមានជំនួបធុរជន និងធុរជន និងវេទិកាធុរកិច្ចជាដើម ដើម្បីស្វែងរកឱកាសវិនិយោគ និងបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែកើនឡើងថែមទៀត៕

To Top