ណាហ្គាវើលដ៍ ឈ្នះពានរង្វាន់ចំនួន៤ នៅឯកិច្ចប្រជុំកំពូល និងកម្មវិធីប្រគល់ពានរង្វាន់ ការងារទំនួលខុសត្រូវ សង្គមសកល និងបរិស្ថាន សង្គម និង អភិបាលកិច្ចលើកទី១៨
ភ្នំពេញ ៖ សម្រាប់កញ្ញា កុល វណ្ណាលីន ការចំណាយពេលមួយថ្ងៃ ដាំដើមកោងកាង ជាមួយមិត្តរួមការងារនៅសហគមន៍ តំបន់ការពារធម្មជាតិពាមក្រសោប ក្នុងខេត្តកោះកុងបានប្រែក្លាយ ជាអនុស្សាវរីយ៍ដែលធ្វើឱ្យ គាត់ញញឹមរាល់ពេល ដែលគាត់នឹងដល់រឿងនេះនៅថ្ងៃនេះ ។
“ខ្ញុំមិនអាចបំភ្លេចបានឡើយ នៅគ្រា ដែលខ្ញុំបានជាប់ភក់ នៅពេលដាំដើមកោងកាង ហើយមិត្តរួមការងារបាននាំគ្នា ប្រញាប់ប្រញាល់មកជួយ” នេះជាការលើកឡើងរបស់គាត់ទាំងស្នាមញញឹម។ “វាបានបង្ហាញឱ្យឃើញថា កម្មវិធីការងារសង្គម ជួយកសាងសាមគ្គីភាព និងធ្វើឱ្យពួកយើងកាន់តែជិតស្និទ្ធនឹងគ្នា។ នៅពេលពួកយើងធ្វើការងារស្ម័គ្រចិត្តជាមួយគ្នា ពួកយើងក្លាយជាគ្រួសារតែមួយ”។
បទពិសោធន៍របស់គាត់ ឆ្លុះបញ្ចាំងពីវប្បធម៌នៃការងារស្ម័គ្រចិត្តយ៉ាងទូលំទូលាយនៅក្រុមហ៊ុនណាហ្គាវើលដ៍។ តាមរយៈផ្នែកនិរន្តរភាព និងការងារទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនដែលមានឈ្មោះថា ណាហ្គាវើលដ៍បេះដូងសប្បុរស បុគ្គលិកបានរួមចំណែកផ្តល់ ពេលវេលាស្ម័គ្រចិត្តសរុបជាង ៦០.០០០ ម៉ោងគិតចាប់តាំងពីឆ្នាំ២០១៤ ដែលគាំទ្រដល់គំនិតផ្ដួចផ្ដើម នានាលើវិស័យអប់រំ ការអភិវឌ្ឍសហគមន៍ វិស័យកីឡា និងការការពារបរិស្ថាន នៅទូទាំងប្រទេសកម្ពុជា ។

កិច្ចខិតខំប្រឹងប្រែងទាំងនេះ កាលពីពេលថ្មីៗនេះ ត្រូវបានទទួលស្គាល់ នៅក្នុងកិច្ចប្រជុំកំពូល និងកម្មវិធីប្រគល់ពានរង្វាន់ ការងារទំនួលខុសត្រូវសង្គម និង បរិស្ថាន សង្គម និងអភិបាលកិច្ចលើកទី១៨ ឆ្នាំ២០២៦ នៅទីក្រុងបាងកកប្រទេសថៃ ដែលក្នុងនោះក្រុមហ៊ុនណាហ្គាវើលដ៍ទទួលបានពានរង្វាន់ចំនួន ៤ រួមមាន ពានរង្វាន់ក្រុមហ៊ុនល្អបំផុតក្នុងប្រទេសកម្ពុជា (កម្រិតប្លាទីនីម) ៦ ឆ្នាំជាប់ៗគ្នា ពានរង្វាន់ឧត្តមភាព ក្នុងការផ្តល់ចំណេះដឹង និងការអប់រំ (កម្រិតមាស) ពានរង្វាន់កម្មវិធី សហគមន៍ល្អបំផុត (កម្រិតប្រាក់) និងពានរង្វាន់ឧត្តមភាពផ្នែកបរិស្ថានល្អបំផុត (កម្រិតប្រាក់) ។ ប៉ុន្តែលើសពីពានរង្វាន់ទាំងនេះ ឥទ្ធិពលវិជ្ជមាន ដែលកើតចេញពីសកម្មភាពទាំងនេះ ត្រូវបានស្តែងឱ្យឃើញ តាមរយៈរឿងរ៉ាវ ដែលកើតមានឡើង ជារៀងរាល់ថ្ងៃ ។

នៅអនុវិទ្យាល័យអូរបែកក្អម ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ លោកគ្រូ ឃុន ពិសិដ្ឋ ដែលជាគ្រូបង្រៀន ផ្នែកវិទ្យាសាស្ត្របរិស្ថាន បានសង្កេតឃើញពីការផ្លាស់ប្តូរឥរិយាបថ របស់សិស្សានុសិស្ស ចាប់តាំងពីសាលាបានចូលរួមក្នុង “កម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតង” របស់ក្រុមហ៊ុនណាហ្គាវើលដ៍។ កម្មវិធីប្រកួតប្រជែងនៅតាមសាលារៀននេះ ត្រូវបានដំណើរការក្នុងឆ្នាំ២០២៤ ដោយសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ហើយបច្ចុប្បន្នបានពង្រីកវិសាលភាពដល់សាលារៀនចំនួន ៧៩ នៅទូទាំងរាជធានីភ្នំពេញ និងខេត្តកំពង់ចាមដែលបង្រៀនសិស្សានុសិស្សអំពីការគ្រប់គ្រងសំណល់ ការកែច្នៃឡើងវិញ និងការទទួលខុសត្រូវចំពោះបរិស្ថាន ។
លោកគ្រូបានឱ្យដឹងថា “កម្មវិធីនេះបានជួយកែលម្អបរិស្ថានសិក្សានៅក្នុងសាលារបស់យើង និងផ្តល់ឱកាសឱ្យសិស្សានុសិស្សយល់ដឹងកាន់តែច្បាស់ព្រមទាំងចេះថែរក្សាបរិស្ថានជុំវិញខ្លួន”។ “បច្ចុប្បន្ន ពួកគេចូលរួមក្នុងសកម្មភាពសម្អាតអនាម័យប្រចាំថ្ងៃ ហើយថែមទាំងចាប់ផ្តើមបង្កើតសួនបន្លែនៅឆ្នាំនេះទៀតផង។ ខ្ញុំពិតជាមានមោទនភាពដែលពួកគេបានជំរុញ ទឹកចិត្តគ្នាទៅវិញទៅមក និងអភិវឌ្ឍស្មារតី នៃការទទួលខុសត្រូវកាន់តែខ្ពស់ចំពោះបរិស្ថាន ។

កិច្ចខិតខំប្រឹងប្រែងទាំងនេះហើយដែលធ្វើឱ្យសាលារៀនមួយនេះគ្រងតំណែងជាជើងឯកនៃពានរង្វាន់សាលារៀនស្អាតប្រចាំឆ្នាំ២០២៥ ។សម្រាប់អ្នកដទៃទៀត ការផ្លាស់ប្តូរនេះបានផ្តល់ឥទ្ធិពលវិជ្ជមានលក្ខណៈបុគ្គល។
ផុន ឧត្តម ដែលកាលពីមុនមិនមានលទ្ធភាពបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សាដោយសារបញ្ហាខ្វះខាតថវិកា បានចាត់ទុកកម្មវិធីជួយសង្គ្រោះយុវជនដែលងាយរងគ្រោះរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ថាជាអ្នកផ្តល់ឱកាសទីពីរសម្រាប់រូបគាត់។ គាត់បាននិយាយថា “ការដែលមិនអាចបន្តការសិក្សា នៅសាកលវិទ្យាល័យបាន វាប្រៀបដូចជាទ្វារដែលត្រូវបានបិទ អ៊ីចឹង ប៉ុន្តែកម្មវិធីនេះបានជួយ ឱ្យខ្ញុំអាចកសាងអនាគតជាថ្មីឡើងវិញ”។
កម្មវិធីស្នាក់នៅរយៈពេល ២០ ខែនេះ បានផ្តល់នូវជំនាញអនុវត្តជាក់ស្តែង ដល់យុវជនដែលជួបការលំបាកចាប់ ពីជំនាញទំនាក់ទំនង ភាសាអង់គ្លេសរហូតដល់ចំណេះដឹង ផ្នែកឌីជីថលព្រមទាំងជួយកសាងទំនុកចិត្ត និងការត្រៀមលក្ខណៈសម្រាប់ទីផ្សារការងារ ។ បច្ចុប្បន្ន ឧត្តម កំពុងបម្រើការងារជាគ្រូបង្រៀន នៅសាលាឯកជនមួយក្នុងខណ្ឌស្ទឹងមានជ័យ រាជធានីភ្នំពេញ ។ គាត់បន្ថែមថា “ការរៀនទំនាក់ទំនងជាភាសាអង់គ្លេស ដោយភាពជឿជាក់ បានបើកផ្លូវឱ្យខ្ញុំទទួលបាន ឱកាសការងារនេះ ហើយឥឡូវនេះ ខ្ញុំមានលទ្ធភាពចូលរួមចំណែក យ៉ាងសំខាន់ក្នុងការកសាងអនាគតគ្រួសាររបស់ខ្ញុំ” ។

ចំពោះបុគ្គលជាច្រើន ទៀត ដូចជាកញ្ញា វណ្ណាលីន ជាដើម បទពិសោធន៍ ដែលទទួលបាន គឺលើសពីការចូលរួម ការងារសង្គម ។ លោក ជុំ យ៉េត ដែលបានចូលរួមស្ទើរគ្រប់សកម្មភាពការងារសង្គម បានជាប់ឈ្មោះជា “បុគ្គលិកស្ម័គ្រចិត្តឆ្នើមប្រចាំឆ្នាំ នៅក្នុងកម្មវិធីថ្លែងអំណរគុណបុគ្គលិកស្ម័គ្រចិត្តលើកដំបូងរបស់ក្រុមហ៊ុន។ លោកបានឱ្យដឹងថា “អ្វីដែលជំរុញទឹកចិត្តខ្ញុំខ្លាំងបំផុត គឺការបានឃើញស្នាមញញឹមរបស់កុមារ។ វាមានអត្ថន័យបំផុតសម្រាប់ខ្ញុំ លោកបានបន្ថែមទៀតថា ការលះបង់ពេលវេលារបស់លោក ក៏ជាវិធីមួយក្នុងការចូលរួមចំណែកដល់ប្រទេសផងដែរ។“យើងធ្វើការងារស្ម័គ្រចិត្តដើម្បីសហគមន៍របស់យើង ហើយយើងស្ម័គ្រចិត្តដើម្បីជួយអភិវឌ្ឍប្រទេសរបស់យើង” ។
លោក Pern Chen នាយកគ្រប់គ្រង ខុទ្ទកាល័យ នាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ បានឱ្យដឹងថា លោកមានក្តីរំភើបយ៉ាងខ្លាំង ចំពោះការទទួលស្គាល់នេះ ។
លោកបានបញ្ជាក់ដោយឆ្លុះបញ្ចាំងពីតួនាទីដ៏សំខាន់របស់ក្រុមហ៊ុនណាហ្គាវើលដ៍ក្នុងការចូលរួមចំណែកកសាងជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាពថា “សម្រាប់ពួកយើង ពានរង្វាន់ទាំងនេះមិនត្រឹមតែបង្ហាញ ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការគាំទ្រដល់វឌ្ឍនភាព និង ការអភិវឌ្ឍរបស់ ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសក្ខីភាពមួយ ដែលបង្ហាញពីការលះបង់ និងការខិតខំប្រឹងប្រែងរបស់បុគ្គលិកយើង សម្រាប់សហគមន៍នៅទូទាំងប្រទេស”។
ក្នុងខណៈដែលក្រុមហ៊ុនណាហ្គាវើលដ៍ ប្រារព្ធខួបលើកទី៣១ របស់ខ្លួន ក្រុមហ៊ុននៅតែបន្តផ្តោតទៅលើគំនិត ផ្ដួចផ្ដើមដែលគាំទ្រដល់គោលដៅនិរន្តរភាពរបស់កម្ពុជាដែលភាពជោគជ័យត្រូវបានវាស់វែងមិនមែនដោយសារតែការឈ្នះពានរង្វាន់ប៉ុណ្ណោះទេ ប៉ុន្តែគឺវាស់វែងតាមរយៈសកម្មភាព ជាក់ស្តែង ដែលកើតមានឡើង ជារៀងរាល់ថ្ងៃមិនថា ជាការដើរកាត់ភក់ ការផ្តល់ឱកាសទីពីរ ឬការផ្លាស់ប្តូរតូចៗ ដែលរួមចំណែកបង្កើត បានជាសមិទ្ធផលដ៏ធំធេងសម្រាប់សង្គមជាតិ ។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូល និងកម្មវិធីប្រគល់ពានរង្វាន់ ការងារទំនួលខុសត្រូវសង្គម និងបរិស្ថាន សង្គម និងអភិបាលកិច្ច ឆ្នាំ២០២៦ គឺជាព្រឹត្តិការណ៍ ផ្នែកនិរន្តរភាព ដែលបានដំណើរការយូរជាងគេបំផុត ក្នុងតំបន់អាស៊ីផ្តល់ការ ទទួលស្គាល់ដល់បណ្តាអង្គភាព និង អ្នកដឹកនាំទាំងឡាយណាដែលបាន និងកំពុងជំរុញវឌ្ឍនភាព ផ្នែកនិរន្តរភាពនៅទូទាំងតំបន់៕
