ព័ត៌មានជាតិ

សម្តេចធិបតី ៖ ភាពធន់នៃសេដ្ឋកិច្ចគ្រួសារ ជាកម្លាំងចលករកសាង ធនធានមនុស្ស

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា ភាពធន់នៃសេដ្ឋកិច្ចគ្រួសារ គឺជាកម្លាំងចលករសម្រាប់កសាងធនធានមនុស្សឱ្យបង្កើនតម្លៃ មានគុណភាពខ្ពស់ និងសុខុមាលភាពល្អ ។

ក្នុងសារលិខិតអបអរសាទរ ទិវាអន្តរជាតិស្តីពីគ្រួសារ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែតមានប្រសាសន៍ថា ការកសាងធនធានមនុស្សឱ្យបង្កើនតម្លៃ មានគុណភាពខ្ពស់ និងសុខុមាលភាពល្អ គឺជាទ្រព្យសកម្មដ៏រឹងមាំ ដើម្បីបន្តរក្សាបានសុខសន្តិភាព សង្គម សេដ្ឋកិច្ច វប្បធម៌ និងបង្កើតនូវគំនិតថ្មីៗ សំដៅឆ្ពោះទៅសម្រេចបាននូវគោលដៅ ចីរភាពរយៈពេលវែង នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដែលជាការវិនិយោគដ៏មានតម្លៃបំផុត សម្រាប់អនាគតគ្រួសារ និងប្រទេសជាតិ។

សម្តេចធិបតីមានប្រសាសន៍បន្តថា ទិវានេះ តែងតែរៀបចំឱ្យមានព្រឹត្តិការណ៍នៃការជួបជុំអបអរសាទរ ចែករំលែកបទពិសោធ និងចំណេះដឹង ព្រមទាំងការផ្សព្វផ្សាយអំពីគុណតម្លៃនៃគ្រួសារ តាមរយៈខ្សែវីដេអូអប់រំខ្លីៗ ដើម្បីអប់រំទូន្មានដល់កូនចៅប្រុសស្រី ឱ្យក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អសម្រាប់គ្រួសារសហគមន៍ និងសង្គមជាតិ។
សម្តេចធិបតីបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា គ្រួសារទាំងអស់នឹងបន្តអនុវត្តនូវប្រពៃណីដ៏ល្អផូរផង់ ដើម្បីបន្តរួមចំណែកថែរក្សានិងកសាងសមិទ្ធផលនានាបន្ថែមទៀតសម្រាប់ឧត្តមប្រយោជន៍ជាតិ សាសនា និងព្រះមហាក្សត្រ និងបន្តលើកកម្ពស់កិត្យានុភាពជាតិ ប្រកបដោយមនសិការទទួលខុសត្រូវខ្ពស់ ក្នុងការកសាងសង្គមជាតិ ឆ្ពោះទៅរកសង្គមមួយ ប្រកបដោយសុខសន្តិភាព ស្ថិរភាព កិត្យានុភាព វឌ្ឍនភាព សេចក្តីរុងរឿង និងសុខដុមនីយកម្ម៕

To Top