អភិបាលខេត្តបាត់ដំបង ណែនាំអាជ្ញាធរ ត្រូវពង្រឹងការទប់ស្កាត់ បទល្មើសឆ្លងដែន ឱ្យមានប្រសិទ្ធភាពបំផុត
បាត់ដំបង ៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានណែនាំអាជ្ញាធរពាក់ព័ន្ធ ត្រូវពង្រឹងការទប់ស្កាត់បទល្មើសឆ្លងដែន និងបទល្មើសគ្រប់ប្រភេទ ឱ្យមានប្រសិទ្ធភាពបំផុត។
ការណែនាំរបស់ លោក សុខ លូ នាឱកាសអញ្ជើញ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែមេសា កិច្ចប្រជុំនេះធ្វើឡើង នៅសាលប្រជុំសាលាខេត្តបាត់ដំបង នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦។

បន្ទាប់ពីស្តាប់របាយការណ៍ លោក ធូ ភា អភិបាលរង ខេត្ត រួចមក លោក សុខ លូ បានមានប្រសាសន៍ ណែនាំដល់អាជ្ញាធរ ពាក់ព័ន្ធទាំងអស់ត្រូវពង្រឹង ការទប់ស្កាត់បទល្មើសឆ្លងដែន និងបទល្មើសគ្រប់ប្រភេទឱ្យមានប្រសិទ្ធភាពបំផុត។
ក្នុងនោះដោយសាររដូវវស្សាខិតជិតចូលមកដល់ លោក អភិបាលខេត្ត បានជំរុញឱ្យអាជ្ញាធរ មន្ត្រីជំនាញ និងកងកម្លាំងត្រូវពង្រឹងបង្រ្កាបទប់ស្កាត់ បទល្មើសនេសាទខុសច្បាប់ និងបទល្មើសធនធានធម្មជាតិផ្សេងៗ ដើម្បីរួមគ្នាថែរក្សាការពារធនធានធម្មជាតិ។
លោក បានណែនាំដល់សមត្ថកិច្ច និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឱ្យបន្តទប់ស្កាត់ និងបង្ក្រាបការចរាចរណ៍រថយន្តកែច្នៃខុសបច្ចេកទេស រថយន្តដឹកលើសចំណុះ ដែលអាចបង្កគ្រោះថ្នាក់ចរាចរណ៍និងភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ។
ពាក់ព័ន្ធនឹងបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) លោកអភិបាលខេត្ត ក្រើនរំលឹកដល់អាជ្ញាធរ និងកងកម្លាំង ត្រូវបន្តតាមដាន ឱ្យបានដិតដល់កុំឱ្យមានករណីស្គែមអនឡាញកើតឡើង នៅតាមមូលដ្ឋានរបស់ខ្លួន៕
