ព័ត៌មានជាតិ

កម្មវិធី TVET 1.5M ៖ NTTI បានបណ្ដុះបណ្ដាលយុវជន មកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ និងពលរដ្ឋជាង ២ពាន់នាក់ ឱ្យមានជំនាញ និងទទួលបានប្រាក់ចំណូលសមរម្យ​

ភ្នំពេញ ៖ វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស(NTTI) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់អាហារូបករណ៍ចំនួនជាង ២ពាន់​កន្លែងដល់ពលករដ្ឋ និងយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយ​រង​ហានិ​ភ័យ​ ព្រមទាំង​ផ្ដល់ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​ ក្រោមកម្ម​វិធី​បណ្តុះ​បណ្តា​លជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ (TVET 1.5M)។

បើតាមវិទ្យាស្ថាន NTTI បានឱ្យដឹងថា ចាប់ពីឆ្នាំ ២០២៤ ដល់ត្រីមាសទី១ឆ្នាំ២០២៦នេះ គ្រឹះស្ថាន​បាន​ផ្ដល់​អាហារូប​ករ​ណ៍ជូ​ន​សិស្ស​សរុប ២, ៣៥៥នាក់។ ក្នុងនោះមានយុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យសរុបចំនួន ៦១នាក់ បាន​ចុះ​ឈ្មោះ​ចូល​រៀ​ន​ជំនាញ​រចនា​ក្រា​ហ្វិក​ដោយកុំព្យូទ័រ, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន និងការដំឡើងប្រព័ន្ធបញ្ជាម៉ូទ័រអគ្គិសនី។

ជាមួយគ្នានេះ វិទ្យាស្ថានមានមុខជំនាញសរុបចំនួន ៩រួមមាន សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ការរចនាក្រាហ្វិកដោយកុំព្យូទ័រ, សេវាកម្ម​កុំព្យូ​ទ័រ, ការ​ដំឡើងបណ្ដាញ​អគ្គិសនី​ក្នុង​អគារ, ការថែ​ទាំនិងជួសជុលបរិក្ខាអេឡិចត្រូនិក, ការងារកំបោរ, ការដំឡើងពុម្ភ, ការ​ដំឡើង​បណ្ដាញ​បំពង់​ទឹក និងការដំឡើងម៉ូទ័រក្នុងអគារ។

​សិស្សានុសិស្សអាចបន្តចុះឈ្មោះបាននៅក្នុងកម្មវិធី App TVET 1.5M ដោយខ្លួនឯងក៏បាន និងសម្រាប់ព័ត៌មានអំពីការចុះឈ្មោះចូលរៀន សូម​ទាក់​ទង​ទៅ​កាន់​ទូរសព្ទ​លេខ ០១២ ៨៥៩ ៩៣៤/ ០១០ ៧៨៧ ៧០៩/ ០៦៩ ៦៦៥ ៨៨៩/ ឬអញ្ជើញមកសិស្ស​នៃវិទ្យាស្ថាន​ដោយផ្ទាល់ ដែល​មាន​ទី​តាំ​ងស្ថិត​នៅលើមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌមសែនសុខ រាជធានីភ្នំពេញ៕

To Top