ការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល លើគុណតម្លៃគ្រួសារ គឺជាគោលនយោបាយរួម
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណាបានលើកឡើងថា ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើគុណតម្លៃគ្រួសារ និងការលើកស្ទួយកម្រិតជីវភាព របស់ប្រជាពលរដ្ឋ គឺជាគោលនយោបាយរួម ដែលផ្តោតការយកចិត្តទុកដាក់លើប្រជាពលរដ្ឋទូទៅ។
ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ លោក ប៉ែន បូណា ថ្លែងថា រាជរដ្ឋាភិបាលបាននិងកំពុងគិតគូរ ព្រមទាំងរៀបចំកម្មវិធីអន្តរាគមន៍ពិសេសសម្រាប់គ្រួសារ ដែលត្រូវបានជម្លៀសចេញពីភូមិសាស្ត្រជម្លោះព្រំដែន ពលករ និងកម្មករនិយោជិត ដែលរងផលលំបាកពីវិបត្តិនេះ ។
លោកថា ទាំងនេះ ស្តែងឱ្យឃើញច្បាស់ ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការជំរុញនូវគុណតម្លៃនៃការលើកកម្ពស់ឧត្តមប្រយោជន៍របស់គ្រួសារ និងការលើកស្ទួយកម្រិតជីវភាព របស់ប្រជាជនគ្រប់រូប ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ សាសនា ឋានៈតួនាទី និងនិន្នាការនយោបាយ ដើម្បីរក្សាបាននូវតុល្យភាពសង្គម និងស្ថិរភាពជាតិ។
អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់ថា “មិនត្រឹមតែប្រជាពលរដ្ឋដែលរងគ្រោះដោយជម្លោះព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែ ការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល លើគុណតម្លៃគ្រួសារ និងការលើកស្ទួយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ គឺជាគោលនយោបាយរួម ដែលផ្តោតការយកចិត្តទុកដាក់ លើប្រជាពលរដ្ឋទូទៅ ។ ក្នុងន័យនេះ សម្តេចធីបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា តាមរយៈនយោបាយ ឈ្នះឈ្នះ រាជរដ្ឋាភិបាលបានរៀបចំឱ្យមានគោលនយោបាយ និងបទប្បញ្ញត្តិនានាពាក់ព័ន្ធជាច្រើន សំដៅលើកកម្ពស់តម្លៃគ្រួសារខ្មែរ ដើម្បីធានាឱ្យបាននូវនិរន្តរភាព ប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងសក្តិសិទ្ធិភាព” ។
លោកបន្ថែមថារាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយផ្តោតអាទិភាពគន្លឹះទាំង៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលបាននិងកំពុងបន្តកសាងប្រព័ន្ធគាំពារសង្គមមានលក្ខណៈប្រមូលផ្តុំ សង្គតិភាព ប្រសិទ្ធភាព សមធម៌ និងចីរភាព ៕
