ព័ត៌មានជាតិ

រដ្ឋមន្រ្តីសុខាភិបាល ៖ ការទទួលស្គាល់គុណភាព គឺជាយន្តការ សម្រាប់ការផ្តល់សេវា សុខាភិបាល

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួង សុខាភិបាលបានថ្លែងថា ការទទួលស្គាល់គុណភាព គឺជាយន្តការ នៃគុណភាពសម្រាប់ការផ្តល់សេវា សុខាភិបាល ដែលធ្វើឱ្យមាននិរន្តរភាព ពង្រឹងវប្បធម៌ការងារ និងធានានូវគុណភាព សុវត្ថិភាព និងក្រមសីលធម៌វិជ្ជាជីវៈ។

ការលើកឡើងរបស់សាស្ត្រាចារ្យ ឈាង រ៉ា នេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការ ទទួលស្គាល់គុណភាពសេវា ថែទាំព្យាបាល(គ.ទ.គ.ស.) នៃក្រសួងសុខាភិបាល ដើម្បីធ្វើការពិនិត្យ ពិភាក្សា និងអនុម័ត ដាក់ឱ្យប្រើប្រាស់នូវឯកសារមួយចំនួន សម្រាប់ដំណើររបស់គណៈកម្មាធិការ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ។

សាស្ត្រាចារ្យ ឈាង រ៉ាបន្តថា កិច្ចប្រជុំមានគោលបំណងពិនិត្យ ពិភាក្សា និងអនុម័តទៅលើការធ្វើបច្ចុប្បន្នភាពស្តង់ដាទទួលស្គាល់គុណភាពសេវា របស់មន្ទីរពេទ្យ និងមណ្ឌលសុខភាព ដើម្បីប្រើប្រាស់វាយតម្លៃការទទួលស្គាល់គុណភាព សម្រាប់មន្ទីរពេទ្យសាធារណៈ ឯកជន និងមណ្ឌលសុខភាព , សេចក្តីព្រាងផែនការយុទ្ធសាស្រ្ត ៥ឆ្នាំ (២០២៦-២០៣០) របស់ គ.ទ.គ.ស. និងសេចក្តីព្រាងឯកសារមួយចំនួនសម្រាប់ដំណើរការ គ.ទ.គ.ស.។

រដ្ឋមន្រ្តីបន្ថែមថា ស្តង់ដាទទួលស្គាល់គុណភាពសេវាមន្ទីរពេទ្យ និងមណ្ឌលសុខភាព នឹងត្រូវដាក់ឱ្យប្រើប្រាស់ក្នុងវិស័យសាធារណៈ និងឯកជន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយលើកកម្ពស់សមត្ថភាពមូលដ្ឋានសុខាភិបាល ក្នុងការបម្រើសេវាប្រកបដោយគុណភាព សុវត្ថិភាព និងបង្កើតទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋចំពោះប្រព័ន្ធសុខាភិបាលជាតិ៕

To Top